ព័ត៌មានជាតិ

ពលករខ្មែរ២៩នាក់ បានទៅដល់កូរ៉េសម្រាប់ដើមឆ្នាំនេះ ជាការស្វាគមន៍របស់ប្រទេសទាំង២ ក្នុងសម័យកូវីដ

ភ្នំពេញ ៖ ពលករខ្មែរថ្មី ចំនួន២៩នាក់ បានធ្វើដំណើរមកដល់ប្រទេសកូរ៉េខាងត្បូង សម្រាប់ដើមឆ្នាំ២០២១នេះ ដើម្បីធ្វើការងារ ក្នុងសម័យកាលកូវីដ១៩ ដែលជាការស្វាគមន៍ សម្រាប់ប្រទេសទាំង២។ នេះបើតាមហ្វេសប៊ុក លោក ឡុង ឌីម៉ង់ ឯកអគ្គរាជទូតខ្មែរប្រចាំកូរ៉េ បានបង្ហាញនៅថ្ងៃ៩ កុម្ភៈ។

បើតាមលោក ឡុង ឌីម៉ង់ ពលករឡើងមកថ្មីនេះ ត្រូវបានស្ថានទូតកម្ពុជា រួមគ្នាជាមួយទីភ្នាក់ងារ អភិវឌ្ឍន៍ធនធានមនុស្សកូរ៉េ ហៅកាត់ថា HRDK ដែលជាស្ថាប័ន គ្រប់គ្រងពលករអន្តោប្រវេសន៍ និងក្រុមហ៊ុនឧស្សាហកម្ម ផលិតយន្តហោះ-អាវកាសកូរ៉េ Korea Aerospace Industry ទៅទទួលស្វាគមន៍ ដល់ខាងក្នុងព្រលានយន្តហោះ នៅពេលពួកគាត់ បានមកដល់កូរ៉េជាលើកដំបូង។

លោកថា នេះជាការស្វាគមន៍ជានិមិត្តរូប សម្រាប់ពលករឡើងមកថ្មី របស់កម្ពុជាប្រចាំឆ្នាំនេះ ដោយសារកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំង២លើវិស័យការងារ មានលក្ខណៈល្អប្រសើរជារៀងរាល់ឆ្នាំ គួបផ្សំហ្នឹងការគ្រប់គ្រងជំងឺរាតត្បាតកូវីដ១៩ នៅកម្ពុជាល្អជាងគេ ក្នុងចំណោមប្រទេសដែលបញ្ជូនពលករ។

លោកទូតថា ឆ្លៀតឱកាសនោះ គណៈគ្រប់គ្រងព្រលានយន្តហោះ Incheon ក៏បានបង្ហាញនូវនីតិវិធីផ្សេងៗ ដែលកូរ៉េមានបទពិសោធន៍ ក្នុងការគ្រប់គ្រងព្រលាន នៅអំឡុងស្ថានភាពនៃជំងឺរាតត្បាតកូវីដ១៩ ជាពិសេសគ្រប់គ្រង លើអ្នកដំណើរចូល-ចេញ ទាំងអ្នកមានអាការៈជំងឺ ក៏ដូចជាអ្នកគ្មានអាការៈ។

ជាមួយគ្នានេះ ស្ថាប័នទាំង៣ក៏បានជជែកពិភាក្សាគ្នា ដោះស្រាយបញ្ហាប្រឈមដូចជា កង្វល់ផ្សេងៗ ក្នុងការលើកម្ពស់ដល់លក្ខខណ្ឌការងារ លក្ខខណ្ឌរស់នៅប្រចាំថ្ងៃរបស់ពលករខ្មែរ ឲ្យមានលក្ខណៈល្អប្រសើរថែមទៀត៕

To Top