ព័ត៌មានជាតិ

លោក ហ៊ុន ម៉ាណែត នឹងចាក់វ៉ាក់សាំងកូវីដ១៩ មុនគេនៅព្រឹកថ្ងៃស្អែកនេះ

ភ្នំពេញ ៖ លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិកាក្រសួង សុខាភិបាល បានបញ្ជាក់ថា លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងទ័ពជើងគោក ដែលជាកូនប្រុសច្បងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា នឹងទទួលបានការចាក់វ៉ាក់សាំងកូវីដ១៩ មុនគេនៅមន្ទីរពេទ្យកាល់ម៉ែត្រ នៅម៉ោង៨ព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ស្អែកនេះ ។ នេះបើតាមការចុះផ្សាយ របស់ទូរទស្សន៍ជាតិ។

លោកស្រីថ្លែងបែបនេះ ក្នុងឱកាសចុះពិនិត្យការរៀបចំទីតាំងសម្រាប់ ការចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ-១៩ នាមន្ទីរពេទ្យកាល់ម៉ែត នៅរសៀលថ្ងៃទី ៩ ខែកុម្ភៈ ឆ្នាំ២០២១ ។

សម្តេចតេជោ ក្នុងឱកាសធ្វើសន្និសីទ សារព័ត៌មានក្រោយបានទទួលវ៉ាក់សាំងកូវីដ១៩ ឈ្មោះស៊ីណូហ្វាម ពីរដ្ឋាភិបាលចិន កាលពីព្រលប់ថ្ងៃ៧ កុម្ភៈ បានថ្លែងថា កូនប្រុសទាំង៣ របស់សម្តេច នឹងត្រូវបានទទួលវ៉ាក់សាំងកូវីដ ព្រមទាំងមន្រ្តីជាន់ខ្ពស់ផ្សេងទៀត ដែលមានអាយុ ចាប់ពី១៨ទៅ៥៩ឆ្នាំ ខណៈសម្តេចមិនអាចចាក់បានទេ ដោយសារអាយុលើសការកំណត់ ៕

To Top