ព័ត៌មានជាតិ

រដ្ឋមន្ដ្រីមហាផ្ទៃ ៖ សមាគមជាតិក្រុមប្រឹក្សារាជធានី-ខេត្ត កំពុងក្លាយជាដៃគូដ៏សំខាន់ ចូលរួមគោលនយោបាយ វិមជ្ឈការ និងវិសហមជ្ឈការ

ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិ សម្រាប់ការអភិវឌ្ឍន៍ តាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) មានជំនឿយ៉ាងមុតមាំថា សមាគមជាតិក្រុមប្រឹក្សា រាជធានី-ខេត្ត ទាំងអស់ បាននិងកំពុងក្លាយជាដៃគូដ៏សំខាន់ ក្នុងការចូលរួមចំណែក គោលនយោបាយ វិមជ្ឈការ និងវិសហមជ្ឈការ របស់រាជរដ្ឋាភិបាល។

ក្នុងពិធីបិទកិច្ចប្រជុំក្រុមប្រឹក្សាជាតិ និងគណៈកម្មាធិការ ប្រតិបត្តិការជាតិលើកទី២ អាណត្តិទី២ សមាគមជាតិក្រុមប្រឹ ក្សារាជធានី-ខេត្ត នៃព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២១ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ ភូគីត្រា សម្ដេចក្រឡាហោម ស ខេង បានឲ្យដឹងថា នៅកម្ពុជា ក៏ដូចនៅតាមបណ្តាប្រទេសជាច្រើន នៅលើពិភពលោកដែរ សមាគមក្រុមប្រឹក្សា រដ្ឋបាលថ្នាក់ក្រោមជាតិ ឬសមាគមអាជ្ញាមូលដ្ឋាន គឺជាស្ថាប័នឯករាជ្យ ដែលត្រូវបានបង្កើត ឡើង ក្នុងគោលបំណង ដើម្បីការពារផលប្រយោជន៍ស្របច្បាប់ របស់សមាជិកខ្លួន ដែលជាក្រុមប្រឹក្សា ថ្នាក់ក្រោមជាតិ ឬអាជ្ញាធរមូលដ្ឋាន។

សម្ដេចក្រឡាហោម បន្ដ ជារួម សមាគមទាំងនេះ មានតួនាទីសំខាន់ក្នុងការចូលរួម និង ផ្តល់មតិយោបល់ជូនរដ្ឋាភិបាល ក្រសួង-ស្ថាប័នថ្នាក់ជាតិនៅក្នុងកិច្ចដំណើរការរៀបចំ និងអនុវត្តគោលនយោបាយ លិខិតបទដ្ឋានគតិយុត្តនានា ដើម្បីធានា ដល់ការការពារសិទ្ធិអំណាចស្របច្បាប់ របស់សមាជិកនៃសមាគម ដែលជាតំណាងឲ្យសម្លេង និងផល ប្រយោជន៍របស់ប្រជាពលរដ្ឋ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួននីមួយៗ។

សម្ដេចក្រឡាហោម មានប្រសាសន៍ថា «ក្នុងនាមរាជរដ្ឋាភិបាល ក្នុងនាម គ.ជ. អ.ប និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំមានជំ នឿជឿជាក់យ៉ាងមុតមាំថា សមាគមជាតិក្រុមប្រឹក្សាថ្នាក់ ក្រោមជាតិទាំងអស់ បាននិងកំពុងក្លាយជាដៃគូដ៏ សំខាន់ និងមានប្រសិទ្ធភាពក្នុងការចូលរួមចំណែក និងគាំទ្រដល់ការបន្តជំរុញ ការអនុវត្តគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការរបស់រាជរដ្ឋាភិបាល ដែលកំពុងឈានចូលទៅដំណាក់ កាលដែលត្រូវអនុវត្ត ឲ្យកាន់តែស៊ីជម្រៅ បន្ថែមទៀត»។

បន្ថែមពីនេះ សម្ដេចក្រឡាហោម ស ខេង ក៏បានលើកឡើងថា ក្នុងការអនុវត្តតួនាទី ដ៏មានសារៈសំខាន់នេះ សមាគមនី មួយៗ តែងតែប្រមូលចងក្រង នូវព័ត៌មានសំខាន់ៗ ពាក់ព័ន្ធនឹងបញ្ហាប្រឈម នៃការអនុវត្តច្បាប់ លិខិតបទដ្ឋានគតិយុត្ត ឬការរំលោភ បំពានសិទ្ធិអំណាចស្របច្បាប់ របស់ក្រុមប្រឹក្សាថ្នាក់ក្រោមជាតិ ឬអាជ្ញាធរមូលដ្ឋាន និងព័ត៌មាន ពាក់ព័ន្ធ នឹងមេរៀនបទពិសោធន៍ល្អៗ គំនិតផ្តួចផ្តើម ប្រកបដោយនវានុវត្តន៍ នៅតាមមូលដ្ឋាន ព្រមទាំង ភាពជោគជ័យនៃការអនុ វត្តការងារ របស់ក្រុមប្រឹក្សាថ្នាក់ក្រោមជាតិ ឬអាជ្ញាធរមូលដ្ឋាន ដើម្បីធ្វើជាមូលដ្ឋាន សម្រាប់ការចូលរួម និងផ្តល់មតិយោបល់ជូន រដ្ឋបាភិបាល ក្រសួង ស្ថាប័នថ្នាក់ជាតិ ផងដែរ។

សម្ដេចក្រឡាហោម ក៏បានបញ្ជាក់ថា សមាគមក្រុមប្រឹក្សាថ្នាក់ក្រោមជាតិ ឬសមាគមអាជ្ញាធរមូលដ្ឋាន ក៏ដើរតួនាទីសំខាន់ ក្នុងការផ្តល់ការប្រឹក្សាយោបល់ និងការអភិវឌ្ឍសមត្ថភាព ដល់សមាជិករបស់ខ្លួន អំពីគោលនយោ បាយច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ព្រមទាំង ភាពជាអ្នកដឹកនាំស្ថាប័ន ក្នុងការផ្តល់សេវា និងការអភិវឌ្ឍមូលដ្ឋាន ដើម្បីឆ្លើយតបទៅនឹងតម្រូវការ របស់ប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព បរិយាប័ន្ន និងសមធម៌សង្គម៕

To Top