ភ្នំពេញ៖ ក្រោយយោធិនម្នាក់សម្រេចចិត្តបញ្ចប់ជីវិត ដោយចងកដោយសារដោះស្រាយ មិនចេញចំពោះករណីគយចល័តតំបន់៥ ចាប់រថយន្តបម្រើឲ្យអង្គភាព កងការពារព្រំដែន៥០៣នោះ លោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរងនាយសេនាធិការ យោធភូមិភាគ៥ បានចោទជាសំណួរថា តើជាកំហុសយោធិនកង ការពារព្រំដែនគោកលេខ៥០៣ ឬជាកំហុសគយចល័តតំបន់៥ ។
ជុំវិញបញ្ហានេះត្រូវបានលោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង នាយសេនាធិការយោធភូមិភាគ៥ បកស្រាយដំណើររឿងតាមរយៈបណ្ដាញ សង្គមហ្វេសប៊ុកក្នុងន័យដើមទាំងស្រុងថា៖
លោកអនុសេនីយ៍ត្រី នាង រិទ្ធិឆ័យ ក្រោយគ្រោះថ្នាក់ចរាចរ គាត់បានដោះស្រាយរួចយករថយន្តទៅជួសជុល ដោយគ្មានលុយគាត់បានខ្ចីលុយគេដោះស្រាយ លុះជួសជុលរថយន្តហើយ មកអង្គភាពវិញ (មិនបានពាក់ស្លាកលេខព្រោះទើបចេញពីជាង) ក៍ត្រូវគយចល័តតំបន់៥ចាប់ សូមបញ្ជាក់ថារថយន្តនោះ ម៉ាកវីហ្គោ ឆ្នាំផលិត២០១៣ ជារថយន្តមានស្លាកលេខ ប្រើប្រាស់ច្រើនឆ្នាំហើយ លោកមេបញ្ជាការកងការពារព្រំដែន៥០៣ ស្នើសុំយ៉ាងណាក៍ដោះស្រាយមិនចេញ ដោយសារការរឿងនេះ លោកអនុសេនីយ៍ត្រី នាង រិទ្ធិឆ័យ បានសំរេចចិត្តចងក សំលាប់ខ្លួនព្រឹកថ្ងៃទី១០ខែកុម្ភៈឆ្នាំ២០២១ នេះ។ ខ្ញុំគិតថាការប្រមូលពន្ធជារឿងចាំបាច់ណាស់ ដែលគួរលើកទឹកចិត្តដល់មន្ត្រីគយ ដើម្បីធានាប្រាក់ចំណូលជាតិ តែក្នុងករណីនេះលោកគយប្រើដៃក្តៅពេកទេដឹង រថយន្តនេះចាស់ពេកហើយ មិនគួរដុតអោយខ្លោចរោយអោយឆៅទេ រថយន្តចាស់មួយនេះបានបំរើអង្គភាពមិនតិចទេ ខ្ញុំពិតជាអាណិតដល់គ្រួសាររងគ្រោះណាស់ ក៍ស្តាយយោធិនដែលមានសមត្ថភាពដែរ ក៍មិនលើកទឹកចិត្តអោយកងកំលាំង ប្រើរថយន្តអត់ពន្ធដែរ លោកមេគយចលត័តំបន់៥ លោកធ្លាប់មានបញ្ហាអីខ្លះ ខ្លួនលោកផ្ទាល់ដឹងហើយ អរគុណ៕