ព័ត៌មានជាតិ

ជំរឿនកសិកម្ម ឆ្នាំ២០១៩ មានប្រជាពលរដ្ឋខ្មែរធ្វើកសិកម្ម ជាង១,៧លានគ្រួសារ

ភ្នំពេញ៖ លោក ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងផែនការ បានឲ្យដឹងថា ផ្អែកតាមលទ្ធផលទិន្នន័យជំរឿនកសិកម្ម ឆ្នាំ២០១៩ មានប្រជាពលរដ្ឋខ្មែរធ្វើកសិកម្ម ជាង១,៧លានគ្រួសារ ក្នុងនោះ គ្រួសារធ្វើកសិកម្មសម្រាប់ ការប្រើប្រាស់ក្នុងគ្រួសារ ជាង៦១% និងគ្រួសារធ្វើកសិកម្មសម្រាប់លក់លើទីផ្សារ ប្រមាណ៣៩%។

ក្នុងពិធីប្រកាសផ្សព្វផ្សាយ លទ្ធផលអង្កេតចន្លោះជំរឿនកសិកម្មកម្ពុជា ឆ្នាំ២០១៩ កាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២១ លោក ឆាយ ថន បានថ្លែងថា ការអង្កេតចន្លោះជំរឿនកសិកម្មកម្ពុជា ឆ្នាំ២០១៩ គឺត្រូវអនុវត្តនៅក្នុងអំទ្បុងពេល៥ឆ្នាំ ម្តង បន្ទាប់ពីជំរឿនកសិកម្មនៅកម្ពុជា ត្រូវបានធ្វើទ្បើងនៅឆ្នាំ២០១៣។

លោកបញ្ជាក់យ៉ាងដូច្នេះថា «ផ្អែកតាមលទ្ធផលទិន្នន័យ អង្កេតចន្លោះជំរឿនកសិកម្មកម្ពុជា ឆ្នាំ២០១៩ បានបង្ហាញអំពី និន្នាការ នៃស្ថានភាពគ្រួសារធ្វើសកម្មភាព ប្រកបមុខរបរក្នុងវិស័យកសិកម្មមាន ៧២ភាគរយ នៅឆ្នាំ២០១៩ ដែលមាន គ្រួសារប្រកបមុខរបរកសិកម្មមាន ៨៥ភាគរយ នៅឆ្នាំ២០១៣ (របាយការណ៍លទ្ធផលនៃ ជំរឿនកសិកម្មនៅកម្ពុជាឆ្នាំ២០១៣) ដែលបានរួមចំណែកជំរុញកំណើន តម្លៃបន្ថែមនៃផលិតកម្មក្នុងស្រុកសរុប (ផសស ឬ GDP) នៅក្នុងវិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានកើនទ្បើង ៤ភាគរយ នៅឆ្នាំ២០១៩ គិតតាមថ្លៃបច្ចុប្បន្ន» ។

លោកបន្ដថា «ចំនួនគ្រួសារកាន់កាប់កសិកម្ម (ប្រកបមុខរបរកសិកម្ម) មានជាង១,៧លានគ្រួសារ ដែលក្នុងនោះមាន គ្រួសារធ្វើកសិកម្មសម្រាប់ការ ប្រើប្រាស់ក្នុងគ្រួសារមាន ជាង៦១ភាគរយ និងមានគ្រួសារធ្វើកសិកម្មសម្រាប់ លក់លើ ទីផ្សារមាន ប្រមាណ៣៩ភាគរយ»។

លោកបន្ថែមថា ចំនួនគ្រួសារកសិកម្ម មានម្ចាស់កម្មសិទ្ធិក្បាលដីកសិកម្មមាន ៩៨% ខណៈគ្រួសារដែលបានចុះបញ្ជីក្បាលដី កសិកម្មមានប្រមាណតែ ១៩% នៃគ្រួសារប្រកបមុខរបរកសិកម្មសរុប។ លោកថា គ្រួសារមានសកម្មភាពដាំដុះ ដំណាំ៨៨% គ្រួសារកសិកម្មបានចិញ្ចឹមបសុសត្វ និង/ឬ បសុបក្សីមាន ជាង៧៥% គ្រួសារដែលចូលរួមក្នុងសកម្មភាព វារីវប្បកម្ម និង/ឬ នេសាទ មានជាង១៥% និងគ្រួសារចូលរួមក្នុងសកម្មភាពវិស័យព្រៃឈើ (អនុផលព្រៃឈើ) មាន១១ % នៃគ្រួសារប្រកបមុខរបរកសិកម្មសរុប។

ឆ្លៀតឱកាសនោះរដ្ឋមន្ត្រីក្រសួងផែនការ បានលើកឡើងថា ដើម្បីគាំទ្រដល់ការអនុវត្តសកម្មភាព នៃអង្កេតចន្លោះ ជំរឿកកសិកម្មកម្ពុជាឆ្នាំ២០១៩ និងការអង្កេតកសិកម្មកម្ពុជាប្រចាំឆ្នាំ រាជរដ្ឋាភិបាលកម្ពុជា បានចូលរួមថវិកាបដិភាគ ចំនួន២០% នៅក្នុងឆ្នាំទី១ (ដំបូង) ដែលមានចំនួន ២៦៦.០០០ ដុល្លារអាមេរិក ហើយនឹងមានការកើនទ្បើងជាលំដាប់ សម្រាប់ការអនុវត្ត ក្នុងឆ្នាំបន្តបន្ទាប់៕

To Top