ភ្នំពេញ៖ មួយរយៈចុងក្រោយនេះគេសង្កេតឃើញថា មានបង្គាក្លាស្សេចាក់ចាហួយបន្ថែម គ្រឿងសមុទ្រលាយសារធាតុគីមីហាមឃាត់ ទំនិញគេចពន្ធ និងទំនិញបង់ពន្ធមិនគ្រប់ ត្រូវបានក្រុមឈ្មួញនាំចូលពីវៀតណាម តាមច្រកទ្វារព្រំដែនអន្តរជាតិ ព្រែកចាកយ៉ាងគំហុកគ្មាន ស្រាកស្រាន្តឡើយខណៈមន្រ្តីពាក់ព័ន្ធ ជាពិសេសមន្រ្តីអន្តោប្រវេសន៍ និងគយ នៅច្រកព្រំដែនព្រែកចាកនេះ ហាក់គ្មានវិធានការបង្រ្កាបសោះឡើយ។
មជ្ឈដ្ឋាននានាបានលើកឡើងថា បើគ្មានការចូលដៃ ពីសមត្ថកិច្ចពាក់ព័ន្ធដែលប្រចាំការ នៅច្រកព្រំដែនព្រែកចាកនោះទេ ក្រុមឈ្មួញក៏មិនអាចនាំចូលបង្គាក្លាស្សេចាក់ចាហួយ និងគ្រឿងសមុទ្រលាយសារធាតុគីមីហាមឃាត់ពីវៀតណាម មកចែកចាយនៅកម្ពុជា បានដោយរលូនបែបនេះឡើយ។
ជាក់ស្ដែងកាលពីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃសៅរ៍ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២១ មន្ដ្រីអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប» សហការជាមួយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបើកប្រតិបត្តិការបង្ក្រាបករណីការនាំចូល បង្គាក្លាសេ្សមានចាក់បញ្ជូលចាហ៊ួយបន្ថែម ដើម្បីបង្កើនទម្ងន់ដែលធ្វើឲ្យខាតបង់ផលប្រយោជន៍អ្នកប្រើប្រាស់ និងអាចប៉ះពាល់ដល់សុខភាព សរុបជាង៦តោន នៅលើ រថយន្ដ២គ្រឿង។ បន្ទាប់ពីឃាត់រថយន្តទាំង២គ្រឿងនេះ អ្នកបើកបររថយន្តដឹកទំនិញ ក៏បានអះអាងថា បង្គាក្លាសេ្ស សរុប៣០៧កេស បរិមាណប្រហែល៦តោនជាង មានប្រភពនាំតាមច្រកទ្វារអន្តរជាតិព្រែកចាក និងពុំមានឯកសារភ្ជាប់មកជាមួយទេ។
ដោយឡែកកាលពីយប់រំលងអាធ្រាតឈានចូលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ មន្ដ្រីអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប» នៃក្រសួងពាណិជ្ជកម្មសហការជាមួយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានបើកប្រតិបត្តិការបង្ក្រាបករណីការនាំចូល បង្គាក្លាសេ្សមានចាក់បញ្ជូលចាហួយបន្ថែម ដើម្បីបង្កើនទម្ងន់ដែលធ្វើឱ្យខាតបង់ផលប្រយោជន៍ និងអាចប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ សរុបជាង១តោន នៅលើរថយន្ដ២គ្រឿង។
សមត្ថកិច្ចបានបញ្ជាក់ថា រថយន្តទាំង២គ្រឿង ត្រូវបានស្ទាក់ចាប់បាននៅតាមបណ្តោយផ្លូវជាតិលេខ៣ ភ្លាមៗនោះមន្ត្រីជំនាញ នៃអគ្គនាយកដ្ឋាន ក.ប.ប. បាននាំយករថយន្តទាំង២គ្រឿងខាងលើដែលសង្ស័យមានបង្គាក្លាសេ្សចាក់បន្ថែមចាហួយ មកអគ្គនាយកដ្ឋាន ក.ប.ប. ធ្វើការវិភាគនៅនាយកដ្ឋានមន្ទីរពិសោធន៍។ ជាលទ្ធផល មន្ត្រីជំនាញនៃអគ្គនាយកដ្ឋាន ក.ប.ប. បានរកវត្តមានបង្គាក្លាស្សេមានចាក់បន្ថែមចាហ៊ួយ ចំនួន ៥៦ កេស ស្មើ ១០០៨គីឡូក្រាម។
តាមការអះអាងបឋមពីអ្នកបើកបររថយន្តដឹកទំនិញ ទាំង២គ្រឿងនេះ បានឱ្យដឹងថា ទំនិញជាគ្រឿងសមុទ្រ រួមមានបង្គាកាស្សេ និងក្តាម សរុបចំនួន ៦៥០កេស នៅលើរថយន្តទាំង២ខាងលើ មានប្រភពនាំតាមច្រកទ្វារអន្តរជាតិព្រែកចាក និងពុំមានឯកសារភ្ជាប់មកជាមួយទេ។
ជាមួយនឹងការព្រួយបារម្ភពីការប៉ះពាល់ដល់សុខភាព ប្រជាពលរដ្ឋសំណូមពរដល់ លោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករ និង នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធិ អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ មេត្តាចាត់វិធានការចំពោះសកម្មភាពមិនប្រក្រតីរបស់កូនចៅក្រោមឱវាទផងដើម្បីទប់ស្កាត់ ការនាំចូលបង្គាក្លាស្សេចាក់ចាហួយបន្ថែម គ្រឿងសមុទ្រលាយសារធាតុគីមីហាមឃាត់ ទំនិញគេចពន្ធ និងទំនិញបង់ពន្ធមិនគ្រប់ ពីវៀតណាមតាមច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាកនេះតទៅទៀត។ ជុំវិញបញ្ហានេះមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល មិនទាន់អាចសុំការបំភ្លឺពីមន្រ្តីពាក់ព័ន្ធ ដែលប្រចាំការនៅច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក ខេត្តកំពតបាននៅឡើយទេ៕