ព័ត៌មានជាតិ

លោកទូត សន្ទនា ជាមួយចៅស្រី លោក ស៊ីន ស៊ីសាមុត​ ពីតន្ត្រីកម្ពុជា

ភ្នំពេញ​៖ លោក​ឯកអគ្គរដ្ឋទូត​ សហរដ្ឋអាមេរិកប្រចាំកម្ពុជា W. Patrick Murphy និង​អ្នក​​ចម្រៀង កញ្ញា ស៊ីន សេដ្ឋសុជ្ឈតា ដែលជា​ចៅស្រី​បង្កើត​អធិរាជ​សំឡេង​លោក ស៊ីន ស៊ីសាមុត បាន​ថតទុកនូវវីដអូជជែក​គ្នា អំពីវិស័យ​តន្ត្រី នៅ​កម្ពុជា និង​ចំណាប់​អារម្មណ៍​ ក្នុងការរក្សាមរតក​ចម្រៀង​របស់ជីតានាង ។

កិច្ចសន្ទនារយៈពេល ២០ នាទី​នេះ ជាវីដេអូដែល​ផលិតដោយក្រុមហ៊ុន Cambodian Broadcasting Service ត្រូវ​បាន​ចាក់​ផ្សាយ​ តាមបណ្តាញសង្គម​ហ្វេសប៊ុក​របស់​ស្ថានទូត​អាមេរិក​ នៅថ្ងៃទី ១១ ខែកុម្ភៈនេះ។

លោកឯកអគ្គរដ្ឋទូត បានភ្ញាក់ផ្អើល ដោយដឹងថាលោក ស៊ីន ស៊ីសាមុត នៅ​តែ​ទទួល​បាន​ការ​ស្រឡាញ់​ពេញនិយម ស្តាប់ចម្រៀងលោក ​នៅទូទាំងប្រទេសកម្ពុជា ទោះបីលោកបាន​បាត់បង់​ជីវិត​ អស់រយៈពេលជាយូរ​មកហើយក្តី ។

 លោក​ឯកអគ្គរដ្ឋទូត បានមានប្រសាសន៍ថា៖ «ខ្ញុំស្តាប់ចម្រៀងរបស់គាត់​តាម ស្ថានីយវិទ្យុខ្លះ បានឃើញរូបថតគាត់ ដាក់តាំង​នៅតាមភោជនីយដ្ឋាន និង​សណ្ឋាគារ​ប្រណីត​មួយចំនួន។ រហូតដល់សព្វថ្ងៃ​នេះ បទចម្រៀង​របស់លោក ​នៅតែ​ពិរោះរណ្តំចិត្ត ​​របស់​មនុស្ស​ទាំង​ចាស់ ក្មេងសព្វថ្ងៃនេះ»។

សុជាតា ​ឲ្យដឹងថា នាងមិនដែលបានឃើញជីតានាងផ្ទាល់ទេ តែនាង​បាន​ដឹងឮរឿងរ៉ាវ​គាត់ តាម​ជីដូន​បង្កើត​នាង ដែលរស់នៅខេត្តស្ទឹងត្រែង។

កញ្ញានិយាយថា ៖ «បទចម្រៀង​ជាច្រើនរបស់គាត់ បង្កប់អត្ថន័យ ប្រើន័យធៀប​ជីវិត​មនុស្ស​ទៅនឹង​ធម្មជាតិ។ លោកយាយថា នា​ថ្ងៃមួយ ពួកគាត់ទាំងពីរ បាន​ទៅលេង​សៀមរាប ដើរ មើលប្រាសាទ ហើយលោកយាយ​ខ្ញុំ ចង់​ចូល​មើល​ប្រាសាទ​មួយ តែ​លោក​តា​ខ្ញុំ (ស៊ីន ស៊ី​សាមុត) បាន​និយាយថា គាត់នឹងរង់ចាំ​នៅខាង​ក្រៅ ហើយ​​ប៉ុន្មាន​ម៉ោង​ក្រោយ​មក គាត់​សរសេរ​បានចម្រៀងមួយបទ។ ខ្ញុំមាន​ការស្ញប់ស្ញែង​ ចំពោះ​រឿងរ៉ាវ ទាក់​ទង​នឹង​ការ​និពន្ធ​បទ​ ចម្រៀង​​របស់​គាត់»។

សុជាតា​ បានបញ្ចេញនូវចម្រៀងថ្មី ៣ បទ ហើយបទទីមួយ នឹងចេញ​នៅថ្ងៃទី ១៩ ខែកុម្ភៈ ។ នាងឲ្យដឹងថា ៖ «ខ្ញុំប្រើពាក្យសាមញ្ញ ហើយត្រង់ៗ ក្នុងបទចម្រៀងទាំងនេះ ពីព្រោះ​ខ្ញុំចង់​ឲ្យ​ទស្សនិក​ជន ងាយយល់»។

ចំពោះកិច្ចសន្ទនា រវាងលោកទូត និងសុជ្ឈតា សូម​ចុច​មើល

https://www.facebook.com/us.embassy.phnom.penh/videos/555560315403975

To Top