ព័ត៌មានជាតិ

រុស្ស៊ី បង្ហាញបំណង ចូលរួមជួយដល់វិស័យ បោសសម្អាតមីន នៅកម្ពុជា

ភ្នំពេញ ៖ លោក Anatoly Borovik ឯកអគ្គរដ្ឋទូតរុស្សី ប្រចាំកម្ពុជា បានបង្ហាញពីឆន្ទៈ និងគោលបំណង របស់ប្រទេសរុស្សី ក្នុងការចូលរួមជួយដល់ វិស័យបោសសម្អាតមីន នៅកម្ពុជា។ នេះបើយោងតាមគេហទំព័រ ហ្វេសប៊ុក របស់លោកទេសរដ្ឋមន្រ្តី លី ធុជ ។

ក្នុងជំនួបពិភាក្សាការងារជាមួយ លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២១ លោក Anatoly Borovik បានថ្លែងថា «(រុស្ស៊ី)បង្ហាញពីឆន្ទៈ និងគោលបំណង របស់ប្រទេសរុស្សី ក្នុងការចូលរួមជួយដល់ វិស័យបោសសម្អាតមីននៅកម្ពុជា ហើយនឹងរាយការណ៍ ទៅគ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធរបស់រុស្សី ឲ្យជួយដល់ការងារបោសសម្អាតមីននេះ ផងដែរ» ។

ជាមួយគ្នានេះដែរ ឯកអគ្គរដ្ឋទូតរុស្ស៊ី បានកោតសរសើរ និងថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជាចំពោះចំណាត់ការទប់ស្កាត់ជំងឺកូវីដ-១៩ ដែលបានធ្វើអោយគាត់ និងសហការីអាចធ្វើដំណើរ គ្រប់ទីកន្លែងទូទាំងប្រទេស ដោយមិនភ័យខ្លាចឆ្លងជំងឺកូវីដ។

នាឱកាសនោះ លោក លី ធុជ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះរដ្ឋាភិបាលរុស្ស៊ី ដែលបានជួយដល់កម្ពុជា ក្នុងការទប់ស្កាត់ការវិលត្រឡប់មកវិញ នៃរបបប្រល័យពូជសាសន៍ខ្មែរក្រហម ព្រមទាំងបានជួយកសាង ធនធានមនុស្សនៅកម្ពុជា រហូតដល់សព្វថ្ងៃនេះ ។

លោកប្រាប់ ឯកអគ្គរដ្ឋទូតរុស្ស៊ីថា កម្ពុជា-រុស្ស៊ីមានទំនាក់ទំនងគ្នាយ៉ាងជិតស្និទ្ធជាប្រវត្តិសាស្ត្ររយៈពេល ៦៥ឆ្នាំមកហើយ។

លោកបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំបានលើកឡើងអំពីសមិទ្ធផលសម្រេចបាន និងផែនការបន្តសម្រាប់វិស័យ សកម្មភាពមីនកម្ពុជា ដែលក្នុងនោះ ខ្ញុំបានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រី ចង់ឃើញណាស់ ប្រជាពលរដ្ឋខ្មែរទាំងអស់ ទទួលបានសេចក្ដីសុខ សុខដុម និងសុវត្ថិភាពដូចគ្នានិងគ្រប់ទីកន្លែង»

To Top