ភ្នំពេញ៖ គណៈកម្មការផ្ដល់ភាព ស្របច្បាប់ដល់ពលករកម្ពុជា ដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃ បានត្រៀមខ្លួនរួចជាស្រេច ក្នុងការផ្តល់នូវឯកសារ និងសេវាគាំទ្រចាំបាច់នានា ជូនដល់ពលករកម្ពុជា ដែលមិនមានឯកសារគ្រប់គ្រាន់។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុករបស់ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។

សូមជម្រាបថា យោងតាមរបាយការណ៍នៃ ការធ្វើការជំរឿនរបស់អាជ្ញាធរថៃ គិតត្រឹមថ្ងៃថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២១ មានពលករកម្ពុជា ចំនួន ១២៦,១៧២ នាក់ ក្នុងនោះ ពលករមាននិយោជក ចំនួន ១១០,៧៥៦នាក់ និងពលករ មិនមាននិយោជក ចំនួន១៥,៤១៦នាក់ ដែលត្រូវរៀបចំបន្តឲ្យមានឯកសារ សម្រាប់ធ្វើការដោយស្របច្បាប់នៅថៃ។

ក្នុងកិច្ចប្រជុំ គណៈកម្មការផ្ដល់ភាពស្របច្បាប់ ដល់ពលករកម្ពុជាដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃ កាលពី ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២១ លោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងជាប្រធាន គណៈកម្មការផ្ដល់ភាពស្របច្បាប់ ដល់ពលករកម្ពុជាដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃ បានឲ្យដឹងថា គណៈកម្មការ នឹងសហការជាមួយភាគីថៃ ក្នុងការអនុវត្តនូវកិច្ចការងារនេះ ជូនពលកម្ពុជាដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃ។

លោកបញ្ជាក់ថា «គណៈកម្មការផ្ដល់ភាព ស្របច្បាប់ដល់ពលករកម្ពុជា ដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃ បានត្រៀមខ្លួនរួចជាស្រេច ក្នុងការផ្តល់នូវឯកសារ និងសេវាគាំទ្រចាំបាច់នានាជូន ដល់បងប្អូនពលករកម្ពុជាយើង ដែលមិនមានឯកសារគ្រប់គ្រាន់ ឬបន្តសុពលភាពលិខិតធ្វើដំណើរ ពលករកម្ពុជាធ្វើការនៅបរទេស នៅពេលដែលភាគីថៃ បញ្ចប់នីតិវិធីផ្ទៃក្នុងរបស់ខ្លួន»។

ជាមួយគ្នានេះដែរ ដោយមានការរីករាលដាលជំងឺកូវីដ-១៩ នៅក្នុងសហគមន៍ពលករទេសន្តរប្រវេសន៍ នៅខេត្តសាមុតសាខន រដ្ឋាភិបាលថៃ បានអនុញ្ញាតឲ្យពលករបរទេសគ្មានឯកសារ មកចុះឈ្មោះក្នុងប្រព័ន្ធស្វ័យប្រវត្តិកម្ម ដើម្បីបានសិទ្ធិស្នាក់នៅ និងធ្វើការនៅប្រទេសថៃបណ្ដោះអាសន្ន ដែលការចុះឈ្មោះនេះ ចាប់ពីថ្ងៃ១៥ ខែមករា ដល់ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២១។ក៏ប៉ុន្តែរាជរដ្ឋាភិបាលថៃ នឹងដាក់វិធានការយ៉ាងម៉ឺងម៉ាត់ ចំពោះពលករបរទេសដែល ឆ្លងដែនខុសច្បាប់ចូលក្នុងប្រទេសថៃ។ ទោះបីជាយ៉ាងណាក៌ដោយ រាជរដ្ឋាភិបាលថៃ ក៏មិនទាន់បញ្ជាក់ពីវិធានការនេះថា យ៉ាងណានោះឡើយ៕


