ព័ត៌មានជាតិ

ជប៉ុនផ្តល់ថវិកា ជាង៧៥ម៉ឺនដុល្លារ អាមេរិក សម្រាប់ការរៀបចំ វគ្គសិក្សាអប់រំកាយ នៅថ្នាក់សាកលវិទ្យាល័យ រយៈពេល៤ឆ្នាំ និងគាំទ្រការធ្វើកសិកម្មកិច្ច សន្យាស្វាយចន្ទីសរីរាង្គ

ភ្នំពេញ ៖ នៅថ្ងៃទី១២ ខែកុម្ភៈ រដ្ឋាភិបាលជប៉ុន បានឯកភាពផ្តល់ថវិកា សរុបចំនួន ៧៥៤,៣២១ ដុល្លារអាមេរិក ដល់អង្គភាព ទទួលជំនួយចំនួនពីរ ក្រោមគ្រោងការណ៍ ជំនួយហិរញ្ញប្បទាន ឥតសំណង សម្រាប់គម្រោងរបស់អង្គការ ក្រៅរដ្ឋាភិបាលជប៉ុន ។

យោងតាមសេចក្ដីប្រកាស ព័ត៌មានរបស់ស្ថានទូតជប៉ុន ប្រចាំកម្ពុជា បានឲ្យដឹងថា ក្នុងនោះ ថវិកា៣៧១,៤៧៩ ដុល្លារអាមេរិក ត្រូវបានផ្តល់ទៅអង្គការក្រៅ រដ្ឋាភិបាល Hearts of Gold ដើម្បីអនុវត្ត “គម្រោងស្តីពីការរៀបចំ វគ្គសិក្សាអប់រំកាយ នៅថ្នាក់សាកលវិទ្យាល័យ រយៈពេល៤ឆ្នាំ នៅវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា (ឆ្នាំទី២)” ហើយ ថវិកា៣៨២,៨៤២ ដុល្លារអាមេរិកទៀត ត្រូវបានផ្តល់ទៅក្រុមអ្នកស្ម័គ្រចិត្ត អន្តរជាតិ យ៉ាម៉ាហ្គាតា (IVY) ដើម្បីអនុវត្តគម្រោង “ការគាំទ្រដល់ការធ្វើកសិកម្ម កិច្ចសន្យាស្វាយចន្ទី សរីរាង្គ តាមរយៈសហករណ៍កសិកម្ម (ឆ្នាំទី៣)”

ឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុន និងអ្នកតំណាងមកពីអង្គការទាំងពីរ បានចុះហត្ថលេខាលើ កិច្ចសន្យាផ្តល់ជំនួយឥតសំណងនេះ ។ យើងជឿជាក់ថា ជំនួយឥតសំណងនេះ នឹងជួយកែលម្អគុណភាព ជីវិតរបស់ប្រជាជន ដែលរស់នៅក្នុងទីតាំង នៃគម្រោងនីមួយៗ៕

To Top