ព័ត៌មានជាតិ

ស្ថានទូតអូស្ដ្រាលី រំលឹកខួប១ឆ្នាំកប៉ាល់ ទេសចរណ៍ Westerdam ចូលចត នៅកំពង់ផែ ក្រុងព្រះសីហនុ ក្រោយពីបណ្ដាប្រទេសផ្សេងៗ មិនអនុញ្ញាតឲ្យចូលចត

ភ្នំពេញ ៖ ស្ថានទូតអូស្ដ្រាលី ប្រចាំកម្ពុជា បានរំលឹកខួប១ឆ្នាំ ដែលកប៉ាល់ទេសចរណ៍ឈ្មោះ «Westerdam» បានចូលចត នៅកំពង់ផែ ក្រុងព្រះសីហនុ ក្រោយពីត្រូវបានបដិសេធ មិនអនុញ្ញាតចុះចត នៅបណ្ដាប្រទេសផ្សេងៗ ។

តាមរយៈបណ្ដាញ ទំនាក់ទំនងសង្គម ហ្វេសប៊ុករបស់ ស្ថានទូតអូស្ដ្រាលី ប្រចាំកម្ពុជា នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២១ បានឲ្យដឹងថា «មកដល់ថ្ងៃនេះ មានរយៈពេលមួយឆ្នាំហើយ ចាប់តាំងពីកប៉ាល់ទេសចរណ៍ Westerdam បានចូលចត នៅកំពង់ផែក្រុងព្រះសីហនុ ក្រោយពីត្រូវបានបដិសេធមិនអនុញ្ញាត ចុះចតនៅប្រទេសផ្សេងៗ ។ សម្រាប់ស្ថានទូតអូ ស្រ្តាលីនៅភ្នំពេញ និងប្រទេសកម្ពុជាទាំងមូល វាបានបង្ហាញពីការចាប់ផ្តើមឆ្នាំថ្មី ដែលមិនដូចជាឆ្នាំមុនៗ»

ស្ថានទូតបន្ដថា ចាប់តាំងពីវីរុសកូវីដ-១៩ ត្រូវបានគេរកឃើញដំបូងមនុស្ស ជាង២,៣១លាននាក់ នៅទូទាំងពិភពលោ កបានស្លាប់ដោយសារជំងឺកូវីដ-១៩។មនុស្ស ជាង១០៦លាននាក់ បានធ្លាក់ខ្លួនឈឺ ពួកគេភាគច្រើនកំពុងរងផលប៉ះ ពាល់ពីវីរុសនេះជាបន្ត និងក្នុងរយៈពេលវែង។ សេដ្ឋកិច្ចនៅជុំវិញពិភពលោក ជាពិសេស នៅក្នុងប្រទេសកំពុងអភិវឌ្ឍ ន៍ ដូចជា ប្រទេសកម្ពុជា ត្រូវបានខូចខាត ។

ស្ថានទូតអូស្ដ្រាលី បន្ថែមថា «យើងចង់ប្រើឱកាសនៃថ្ងៃគម្រប់ខួប១ឆ្នាំនេះ គោរពដល់អ្នកដែលរងផលប៉ះពាល់ ដោយ រោគរាតត្បាតនៅប្រទេសកម្ពុជា និងនៅជុំវិញពិភពលោក ព្រមទាំងទទួលស្គាល់ការខិតខំប្រឹងប្រែង ជាពិសេសពីសំ ណាក់បុគ្គលិកក្នុងស្រុករបស់យើង ក្នុងការធានាថាជំនួយជាបន្តដល់ប្រជាជនកម្ពុជា និងជនជាតិអូស្រ្តាលីនៅកម្ពុជា នៅតែអាចធ្វើទៅបាន»។

ស្ថានទូត បញ្ជាក់ថា ក្នុងរយៈពេល១២ខែកន្លងមក ស្ថានទូតបាននិង កំពុងធ្វើការមិនឈប់ឈរ ដើម្បីផ្តល់ជំនួយកុងស៊ុ ល ដល់ប្រជាជនអូស្រ្តាលីនៅកម្ពុជា។ ស្ថានទូតក៏បានធ្វើការ ជាមួយដៃគូកម្ពុជា ក្នុងការផ្តោតការយកចិត្តទុកដាក់ជាថ្មី លើកម្មវិធីកិច្ចសហប្រតិបត្តិការ អភិវឌ្ឍន៍របស់អូស្ដ្រាលី ដើម្បីជួយដល់ការស្តារកម្ពុជាឡើងវិញ បន្ទាប់ពីជំងឺកូវីដ-១៩ តាមរយៈការផ្តល់ថវិកាជាង ៦៥ លានដុល្លារអូស្រ្តាលីរាល់ឆ្នាំ ដើម្បីគាំទ្រ ដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និង ៣៥,៧ លានដុល្លារអូស្រ្តាលី សម្រាប់ការទទួលបានវ៉ាក់សាំងជំងឺកូវីដ-១៩ ប្រកបដោយសុវត្ថិភាពនិងប្រសិទ្ធភាពនៅកម្ពុជា។

ជាងនេះទៅទៀត ស្ថានទូតអូស្ដ្រាលី ប្រចាំកម្ពុជា ក៏បានថ្លែងអំណរគុណ ដល់ប្រទេសកម្ពុជា ដែលបានទទួលស្វាគមន៍ កប៉ាល់នេះ ព្រមទាំង បដិសណ្ឋារកិច្ច ដែលបានផ្តល់ដល់ប្រជាជនអូស្ត្រាលី ជាច្រើននាក់នៅដែលនៅលើកប៉ាល់ ៕

To Top