កន្លងទៅថ្មីៗនេះ លោកតា រស់ រុន និង លោកយាយ ម៉េង ណាត (ប្រពន្ធ) បានមកជួប
ខ្ញុំពីរឿងវិវាទដីធ្លីទំហំ៦០អា ជាមួយក្រុមហ៊ុន 7NG ដែលកន្លង ទៅ បានឈូសឆាយដីអភិវឌ្ឍន៍លុបចូលលើដីគាត់(ទំហំប្រហែល ៦០អា បណ្តោយ១០០ម៉េត្រ) ដែលវិវាទនេះ បានកើតឡើងតាំងពីឆ្នាំ ២០១៨ តែនៅមិនទាន់មានដំណោះស្រាយ។
យាយតា មានលិខិតបញ្ជាក់កម្មសិទ្ធដីធ្លីដែលមានមេភូមិ មេឃុំដឹងឮ ចុះថ្ងៃទី ៤ ខែ៧ ឆ្នាំ ២០០៨ ហើយក៏មានបង្កាន់ដៃសុរិយោដី ចុះចុចវាស់វែងបម្រុងធ្វើប័ណ្ណជូនពួកគាត់កាលពីថ្ងៃទី ៩ ខែ ៥ ឆ្នាំ ២០១៨ ប៉ុន្តែយាយតាប្រាប់ថា ខាងក្រុមហ៊ុនបានប្រាប់ទៅសុរិយាដីថាកុំទាន់ អោយចេញប្លង់អោយគាត់។ កាលពីថ្ងៃទី ១៩ មិនា ២០១៣ ក៏មានលិខិតបញ្ជាក់ពីមេឃុំវិហារសួរគ៍បញ្ជាក់ថាដីនោះជាដីយាយតាបានកាន់កាប់អាស្រ័យផលពិតប្រាកដមែន ហើយកន្លងមកចៅហ្វាយស្រុកវិហារសួរគ៍ ក៏បានធ្វើកំណត់ហេតុហាមមិនអោយ 7NG ចាក់ដីលុបលើដីយាយតាឡើយ ទាល់តែដោះស្រាយ ជាមួយគ្នាអោយចប់ រួចស្រេចជាមុនសិន។ ដោយសារលោកយាយ គ្មានមធ្យាបាយទាក់ទងទៅក្រុមហ៊ុនបាន ទើបពួកគាត់សម្រេចដាក់ពាក្យស្នើសុំអន្តរាគមន៍ រកយុត្តិធម៍ មកកាន់វិមានសន្តិភាព ។
ខ្ញុំបានទាក់ទងទៅប្អូនឧកញ៉ា ស្រី ចន្ធូ រួចហើយពីករណីខាងលើ ហើយក៏បានជម្រាបទៅយាយតា ផងដែរថានឹងរកឱកាសបានជួបបង្ហាញឯកសារដី ទាំងសង្ខាងដើម្បីឈានទៅបញ្ចប់វិវាទ។ ប្អូនឧកញ៉ា ក៏សម្តែងនូវការពេញចិត្តក្នុងការចូលរួមដោះស្រាយ ព្រោះកន្លងមកប្អូនមិនបានដឹងថាបមានរឿងវិវាទកើតឡើងដូច្នេះដែរ។ អរគុណប្អូនឧកញ៉ាចំពោះទឹកចិត្ត ប្រកបដោយគុណធម៌ដ៏ល្អប្រពៃ ចំពោះពលរដ្ឋស្លូតត្រង់។
យើងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់និងស្នាមញញឹម នឹងសូមមានចិត្តអាណិតស្រឡាញ់ពលរដ្ឋយើងគ្រប់ទីកន្លែង ដោយគ្មានការរើសអើង៕
(ហ្វេសប៊ុកផេក Duong Dara)