ព័ត៌មានជាតិ

គ្រាន់តែភ្លេចដាក់ចំណី ឲ្យសារិកាកែវស៊ី វាយក្មេងស្រី២នាក់ របួសពេញខ្នង

ភ្នំពេញ ៖ កម្លាំងនគរបាលខេត្តឧត្តរមានជ័យ បាននិងកំពុងស្រាវជ្រាវស្វែងរកជនសង្ស័យ និងកសាងកំពុងសំណុំរឿង តាមនិតិវិធីច្បាប់ ករណីប្រើហិង្សាដោយចេតនា លើអនិតិជនដោយសារតែក្មេង២នាក់ ភ្លេចដាក់ចំណីឲ្យសារិកាកែវស៊ី។ នេះបើតាមការចុះផ្សាយរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ។

ក្រោយពីទទួលបានព័ត៌មានករណីហិង្សាលើក្មេងស្រីចំនួន២នាក់ភ្លាមៗ នៅរសៀលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តឧត្តរមានជ័យ បានបញ្ជាកម្លាំងអធិការនគរបាលក្រុងសំរោង សហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលអូរស្មាច់ ធ្វើការស្រាវជ្រាវ ករណីហិង្សាដោយចេតនាលើអនិតិជន ដែលបានកើតឡើងនៅម៉ោង១៨ ថ្ងៃ១១ កុម្ភៈ នៅចំណុចផ្លូវលេខ៤ ភូមិគិរីមង្គល សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្ដរមានជ័យ។
លោកស្នងការបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ពែង រដ្ឋា ហៅ រ័ត្ន ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅភូមិកើតហេតុ។

ជនសង្ស័យបានធ្វើសកម្មភាព យករំពាត់មែកឈើ វាយទៅលើជនរងគ្រោះឈ្មោះ ផាត លីហ្សាប ភេទស្រី អាយុ១២ឆ្នាំ មានទីលំនៅភូមិកើតហេតុ និងឈ្មោះ ផាត ស្រីង៉ិក ភេទស្រី អាយុ១០ឆ្នាំ មានទីលំនៅភូមិកើតហេតុ (ទាំង២នាក់ ជាក្មេងកំព្រា ដោយឪពុក-ម្តាយជាប់ពន្ធនាគារ) បណ្ដាលឲ្យមានស្នាមរបួសនៅលើខ្នងជាច្រើនកន្លែង។

លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តឧត្តរមានជ័យ បានបញ្ជាក់ថា មូលហេតុ ខឹងក្មេងស្រីទាំង២នាក់ ធ្វើឲ្យសត្វសារិកាកែវងាប់ ចំនួន២ក្បាល ព្រោះក្មេងស្រីទាំង ២នាក់ បានភ្លេចដាក់ទឹកនិងចំណី ឲ្យសត្វសារិកាកែវផឹកស៊ី។ បច្ចុប្បន្ន កម្លាំងជំនាញកំពុងធ្វើការស្រាវជ្រាវស្វែងរកជនសង្ស័យ និងកសាងកំពុងសំណុំរឿង តាមនិតិវិធីច្បាប់ ៕

To Top