ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានធ្វើការណែនាំដល់ អភិបាលរាជធានី-ខេត្ត ត្រូវអនុវត្តយ៉ាងម៉ឺងម៉ាត់ ចំពោះអ្នកដំណើដែលគេចវេះ មិនឲ្យមន្ត្រីចត្តាឡីស័ក ។
ការដាក់លិខិតស្នើនេះ បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ឲ្យភាគីពាក់ព័ន្ធរួមគ្នាត្រួតពិនិត្យ ទប់ស្កាត់អ្នកគេចវេស មិនធ្វើចត្តាឡីស័ក ហើយសម្តេច ក៏បានស្នើអាជ្ញាធរ ខេត្តជាប់ព្រំដែនជាមួយថៃ-វៀតណាម និងឡាវសហការគ្នា កុំឲ្យពលរដ្ឋធ្វើដំណើរ តាមច្រករបៀងដែលគេចវេះ មិនព្រមធ្វើចត្តាឡីស័ក។
យោងតាមលិខិត របស់ក្រសួងសុខាភិបាល នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ បានឲ្យដឹងថា ក្រសួងបានកត់សម្គាល់ឃើញ ការអនុវត្តការធ្វើចត្តាឡីស័ក របស់ប្រជាពលរដ្ឋខ្មែរ ក៏ដូចជា ជនបរទេស បានលទ្ធផលល្អប្រសើរ និងបានរួមចំណែកនូវការការពារ ការឆ្លើយតប ចំពោះការរីករាលវិរុសកូវីដ-១៩ ចូលក្នុងសហគមន៍ ប៉ុន្ដែមួយរយៈនេះ ក្រសួងក៏សង្កេតឃើញ មានការធ្វើចត្តាឡីស័ក ទាំងប្រជាពលរដ្ឋខ្មែរ និងជនបរទេស មួយចំនួនមិនបានអនុវត្តត្រឹម ត្រូវទៅតាមការណែនាំ របស់ប្រមុខរាជរដ្ឋាភិបាល និងក្រសួងនៅឡើយ។
លិខិតក្រសួងបានធ្វើការក្រើនរំលឹក ដល់អភិបាលរាជធានី-ខេត្ត ទាំងអស់ឲ្យអនុវត្តយ៉ាងម៉ឺងម៉ាត់ នូវអនុក្រឹត្យរបស់រាជរដ្ឋាភិបាលស្ដីពី វិធានការសុខាភិបាលដើម្បីទប់ស្កាត់ និងឆ្លើយតបការឆ្លងរាលដាលជាអន្តរជាតិ នៃជំងឺនៅតាមច្រកចេញ-ចូល ជាពិសេស ជំពូកទី៥ ស្ដីពីទណ្ឌកម្ម ក្នុងមាត្រា៥ នៃអនុក្រឹត្យនេះ ដែលបានចែកថា ៖ អ្នកដំណើរ ឬការីនៃយានដឹកជញ្ជូនណា ដែលគេចវេសមិនឲ្យមន្ត្រីចត្តាឡីស័ក ធ្វើការត្រួតពិនិត្យ ឬមិនសហការជាមួយមន្ត្រីចត្តាឡីស័ក ក្នុងការ អនុវត្តន៍វិធានការសុខាភិបាល ឬមិនបំពេញតាមបែបបទ ដែលមានកំណត់ក្នុងអនុក្រឹត្យនេះ ត្រូវទទួលពិន័យអន្តរកាលជាប្រាក់ពី ២០ម៉ឺនរៀល ទៅ១លានរៀល ទៅតាមទំហំនៃបទល្មើស និងតម្រូវឲ្យ អនុវត្តវិធានការសុខាភិបាល៕