ភ្នំពេញ ៖ ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ បានស្នើសុំពលករខ្មែរទាំងអស់ដែលកំពុងរស់នៅប្រទេសថៃ មិនត្រូវលួច ឆ្លងដែនដោយខុសច្បាប់ ដែលប្រឈមនឹងហានិភ័យខ្ពស់ចំពោះអាយុជីវិតខ្លួនឯងផ្ទាល់ ជាពិសេស អាចនាំជំងឺកូវីដ-១៩ ឆ្លងចូលទៅក្នុងប្រទេសកម្ពុជា។
ការស្នើសុំពលករខ្មែរបែបនេះ ធ្វើឡើងដោយយោងតាមអនុសាសន៍ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសេចក្តីជូនដំណឹងរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ពាក់ព័ន្ធនឹងការផាក ពិន័យលើពលករខ្មែរ ដែលគេចវេះ មិនធ្វើចត្តាឡីស័ក ត្រឹមត្រូវតាមវិធានការសុខាភិបាល។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ស្ថានទូតកម្ពុជា ប្រចាំប្រទេសថៃ នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ បានឲ្យដឹង ថា ដើម្បីទប់ស្កាត់ និងឆ្លើយតបការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅតាមបណ្ដាច្រកព្រំដែន ដែលជាហេតុអាចបង្កគ្រោះ ថ្នាក់ដល់អាយុជីវិតប្រជាពលរដ្ឋ និងក្រុមគ្រួសារផ្ទាល់ផង និងបង្កហានិភ័យនៃការចម្លងចូលក្នុងសហគមន៍ផង ស្ថានទូ តស្នើសុំពលករខ្មែរទាំងអស់ចូលរួមអនុវត្ត ដូចខាងក្រោម ៖
ទី១-មិនត្រូវលួចឆ្លងដែនដោយខុសច្បាប់ចូលទៅប្រទេសកម្ពុជា ដែលប្រឈមនឹងហានិភ័យខ្ពស់ចំពោះអាយុជីវិតបង ប្អូនផ្ទាល់ និងអាចនាំជំងឺឆ្លងចូលទៅក្នុងប្រទេសកម្ពុជាផង។
ទី២-ត្រូវអនុវត្តការធ្វើចត្តាឡីស័កតាមវិធានការសុខាភិ បាលដោយមិនត្រូវគេចវេះជាដាច់ខាត បើមានការ ចាំបាច់ចូលកម្ពុជា។ ករណីគេចវេះមិនធ្វើចត្តាឡីស័ក នឹងត្រូវទទួលពិន័យជាប្រាក់ ១ លានរៀល ឬលើសពីនេះ និងទទួលការផ្តន្ទាទោសព្រហ្មទណ្ឌដូចមានចែងនៅក្នុងច្បាប់ និងបទប្បញ្ញត្តិព្រហ្មទណ្ឌជាធរមាន។
ទី៣-ចូលរួមសហការផ្តល់ព័ត៌មានដល់ស្ថានទូត (នៅបាងកក) ស្ថានអគ្គកុងស៊ុល (នៅខេត្តសាកែវ) ឬអាជ្ញាធរមាន សមត្ថកិច្ច ពាក់ព័ន្ធនឹងមេខ្យល់ដែលសន្យានាំបងប្អូនពលករឆ្លងដែនចេញ-ចូលខុសច្បាប់តាមបណ្តាច្រកព្រំដែនកម្ពុជា-ថៃ។
និងទី៤-ត្រូវគោរពអនុវត្ត និងចូលរួមសហការឱ្យបានខ្ជាប់ខ្ជួននូវវិធានការនានារបស់រាជរដ្ឋាភិបាលថៃក្នុងការបង្ការ
និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ បន្តទៀត៕