ភ្នំពេញ ៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១នេះបានលើកឡើង ពីមហាអំណាចអាមេរិកថា ពាក្យស្លោកនៅក្នុងទំនាក់ទំនង អន្តរជាតិរបស់អាមេរិក គឺ «សហរដ្ឋអាមេរិក គ្មានមិត្តទេ គឺមានតែផលប្រយោជន៍» ដែលឈរលើគោលការណ៍នេះ ហើយទើបអាមេរិក បានប្រែប្តូរប្រវត្តិសាស្ត្រ ប្រទេសជាច្រើន ហើយការប្រែប្តូរប្រទេសចិន ទៅជាប្រទេសកុម្មុយនីស្ត ក៏ជាផលវិបាកមួយ នៃពាក្យស្លោកនេះដែរ ។
លោករដ្ឋមន្រ្តីព័ត៌មាន បានរៀបរាប់ថា នៅដើមសតវត្សរ៍ទី ២០ បញ្ញវន្ត និងវណ្ណៈអនុធនចិន ភាគច្រើនសុទ្ធតែមានបំណងចង់ កសាងប្រទេសចិន ក្នុងរបបប្រជាធិបតេយ្យ តាមបែបបស្ចឹមប្រទេស ហេតុនេះក្រោយពីការបញ្ចប់សង្គ្រាមលោកលើកទី ១ ជនជាតិចិននឹកសង្ឃឹមយ៉ាងខ្លាំងថា បស្ចឹមប្រទេស ពិសេសសហរដ្ឋអាមេរិក នឹងជួយកសាងប្រទេសខ្លួន ពិសេសបង្ខំឲ្យប្រទេសជប៉ុន ប្រគល់ខេត្ត សានទុង មកចិនវិញ តាមគោលការណ៍ ១៤ ចំណុច និង ទ្រឹស្តីស្វ័យសម្រេច ដែលលោកប្រធានាធិបតី Woodrow Wilson បានប្រកាស ។
តែគំនិតធំរបស់លោក Woodrow Wilson គឺការបង្កើតអង្គការសហពន្ធ នៃបណ្តាប្រជាជាតិ (League of Nations) ដើម្បីជាកេររបស់លោកផង យកចំណេញផ្នែកនយោបាយ នៅក្នុងប្រទេសលោកផ្ទាល់ផង ។ ការចង់បានរបស់ចិន បានទើសនឹងមហិច្ឆតា របស់ជប៉ុនដែលដាក់លក្ខខណ្ឌថា បើចង់ឲ្យខ្លួនចូលជាសមាជិក អង្គការសហពន្ធនៃបណ្តាប្រជាជាតិខ្លួនត្រូវតែមានសិទ្ធិរក្សាកោះទាំងអស់ដែលខ្លួនបានកាន់កាប់ក្នុងមហាសមុទ្រប៉ាស៊ីហ្វិករួមទាំងខេត្តសានទុងផង ។
បើជប៉ុនមិនចូលជាហត្ថលេខីក្នុងការបង្កើតសហពន្ធនៃបណ្តាប្រជាជាតិទេ អង្គការនេះនឹងមានតែពួកបស្ចឹមប្រទេសដែលមិនសក្តិសមនឹងឈ្មោះខ្លួន ហើយលោក Woodrow Wilson នឹងបាត់ឥទ្ធិពលនយោបាយយ៉ាងច្រើននៅក្នុងសហរដ្ឋអាមេរិក ។ ហេតុនេះ នៅទីបញ្ចប់សហរដ្ឋអាមេរិកបានយល់ព្រមតាមការទាមទាររបស់ជប៉ុន ហើយអនុញ្ញាតឲ្យជប៉ុននៅកាន់កាប់ខេត្តសានទុងបន្តទៀត ។
ចំពោះប្រជាជនចិន ការសម្រេចនេះ គឺជាព្រនង់ធំមួយសំពងលើ សុបិនរបស់ខ្លួន ។ នៅរសៀលថ្ងៃទី៤ ខែឧសភា ឆ្នាំ១៩១៩ និស្សិតរាប់ពាន់នាក់ បានធ្វើបាតុកម្មដ៏ធំមួយនៅទីធ្លា ទានអានម៉េង ប្រឆាំងនឹងការសម្រេច របស់ក្រុមមហាអំណាចទាំងនេះ ។ ក្រោយពីបាតុកម្មនេះមក បញ្ញវន្តចិនយ៉ាងច្រើន បានងាកទៅរកបក្សកុម្មុយនីស្តចិន ពិសេសបន្ទាប់ពីគណបក្សកុម្មុយនីស្តអន្តរជាតិ បានប្រកាសគាំទ្រចលនារំដោះជាតិទូទាំង សកលលោក ហើយ៣០ឆ្នាំក្រោយ គណបក្សកុម្មុយនីសចិន បានដណ្តើមយកជ័យជំនះ ទាំងស្រុងក្នុងប្រទេសចិន ។
លោករដ្ឋមន្រ្តីថ្លែងថា នៅលើកក្រោយ នឹងនិយាយពីការផ្តោត លើគោលការណ៍«ផលប្រយោជន៍» របស់សហរដ្ឋអាមេរិក ដែលជំរុញកម្ពុជាសម័យព្រះបរមកោដ្ឋ ឲ្យងាកទៅរកក្រុមប្រទេសកុម្មុយនីស្តផងដែរ ៕