ព័ត៌មានជាតិ

រដ្ឋមន្រ្តីមហាផ្ទៃ ឲ្យប្រធានក្រុមការងារ រាជរដ្ឋាភិបាល ថ្នាក់រាជធានី-ខេត្ត ចុះបណ្តុះបណ្តាល អ្នកបំរើសេវាផ្ទាល់ ជាមួយពលរដ្ឋ

ភ្នំពេញ ៖ សម្តេច ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានណែនាំឲ្យប្រធាន ក្រុមការងារ រាជរដ្ឋាភិបាល ថ្នាក់រាជធានី-ខេត្តត្រូវចុះបណ្តុះបណ្តាល ដល់អ្នកដែលបំរើសេវាផ្ទាល់ ជាមួយប្រជាពលរដ្ឋ ។ នេះបើយោងតាមផេកក្រសួង ។

ការចុះនេះគឺប្រធានក្រុមការងារ រាជរដ្ឋាភិបាលថ្នាក់ ស្រុកត្រូវបណ្តុះបណ្តាល ណែនាំនិងជួយជ្រុមជ្រែង ដល់អ្នកដែលបំរើសេវាល់ ជាមួយប្រជាពលរដ្ឋទាំង៤តួនាទី ដូចជា៖ទី១ មេឃុំ /ចៅសង្កាត់ ទី២ ស្មៀនឃុំ/ ស្មៀនសង្កាត់ ទី៣ មេប៉ុស្តិ៍/នគរបាលឃុំ និងទី៤មេភូមិ ទាំងនៅទីក្រុង និងជនបទ ។

នេះបើតាមប្រសាសន៍សម្ដេច ស ខេង ក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីប្រគល់រថយន្តជូនស្នងការដ្ឋាននគរបាលខេត្ត នាព្រឹកថ្ងៃអង្គារ ទី១៦ ខែកុម្ភៈ ឆ្នាំ២០២១។

សម្តេច ស ខេង ថា កាលណាបម្រើពលរដ្ឋ បានល្អធ្វើឲ្យពួកគាត់សប្បាយចិត្ត នឹងគាំទ្ររាជរដ្ឋាភិបាល ។ ដោយសម្តេច ស ខេង បានបន្ថែមទៀតថា ការហៅពួកគាត់មកប្រជុំណែនាំពុំមែន ក្នុងន័យស្តីបន្ទោសនោះទេ ប៉ុន្តែដើម្បីធ្វើការតម្រង់ទិសលើកទឹកចិត្ត និងជួយជ្រុមជ្រែងឲ្យការងារពួកគាត់ធ្វើកាន់តែល្អប្រសើរឡើង ។

រដ្ឋមន្រ្តីមហាផ្ទៃបន្ថែមថា ការផ្តល់សេវាសាធារណៈបានល្អ គឺស្ថិតនៅក្នុងគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ដែលក្នុងនោះ មេឃុំ /ចៅសង្កាត់ ស្មៀនឃុំ /ស្មៀនសង្កាត់ មេប៉ុស្តិ៍/នគរបាលឃុំ និងមេភូមិ ផ្តល់ជូនដល់ពលរដ្ឋនូវសេវាចាំបាច់ ដូចជាការធ្វើអត្តសញ្ញាណប័ណ្ណ សំបុត្រកំណើត សៀវភៅគ្រួសារ សៀវភៅស្នាក់នៅ សំបុត្រអាពាហ៍ពិពាហ៍ និងឯកសារសំខាន់ៗជាច្រើនទៀត ដូច្នេះការងារនេះ ពុំអាចបន្ទោសពីចម្ងាយទេ ត្រូវតែធ្វើការផ្ទាល់ជាមួយពួកគាត់ ។

ទន្ទឹមនឹងនេះ សម្តេច ស ខេង លើកទឹកចិត្តឲ្យបន្ថែមការយកចិត្តទុកដាក់ លើការអនុវត្តគោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្តិភាព ដោយមន្ត្រីពាក់ព័ន្ធ ត្រូវអនុវត្តភារកិច្ចរបស់ខ្លួន ឲ្យបានល្អ និងជាពិសេសផ្សព្វផ្សាយ ពីគោលនយោបាយនេះ កាន់តែទូលាយថែមទៀត ៕

To Top