ភ្នំពេញ ៖ បុរសជនជាតិជប៉ុន ដែលដើររើសអេតចាយ ហើយត្រូវបានបណ្តាញសង្គមហ្វេសប៊ុក ចុះផ្សាយជាបន្តបន្ទាប់ថា ដើរស្នាក់នៅតាមសួនសាធារណ: ត្រូវបានសមត្ថកិច្ចរកឃើញ ហើយបានរៀបចំឯកសារតាមនីតិវិធី បញ្ជូនឲ្យស្ថានទូតជប៉ុន នៅព្រឹកថ្ងៃទី១៦ ខែកុម្ភ: ឆ្នាំ២០២១ ។ នេះបើតាមការចុះផ្សាយ របស់ស្នងការរាជធានីភ្នំពេញ។
បុរសជនជាតិជប៉ុនឈ្មោះ Gen Kubuta អាយុ៤១ ត្រូវបានបណ្តាញសង្គមហ្វេសប៊ុក ផ្សព្វផ្សាយឲ្យអ្នកពាក់ព័ន្ធជួយសង្រ្គោះ បន្ទាប់ពីបានឃើញបែបនេះ លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាសមត្ថកិច្ច ជំនាញការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃផែនការងារអន្តោប្រវេសន៍ ចុះស្រាវជ្រាវរក ហើយក៏ប្រទះឃើញ បុរសជនជាតិជប៉ុននេះ នៅត្រង់ចំណុចសួនមុខវត្តបទុម ម៉ោង១១ព្រឹកថ្ងៃទី១៥ ខែកុម្ភ: ឆ្នាំ២០២១ ។
បន្ទាប់មកសមត្ថកិច្ចជំនាញ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បាននាំគាត់ទៅពិនិត្យសុខភាព ដើម្បីធ្វើតេស្តរកមេរោគ Covid-19 នៅមន្ទីរពិសោធន៍ជាតិ សុខភាពសាធារណៈរាជធានីភ្នំពេញ ជាលទ្ធផលគឺអវិជ្ជមាន ។
សូមបញ្ជាក់ថា បុរសជនជាតិជប៉ុនរូបនេះ បានចូលមកកម្ពុជាតាំងពីថ្ងៃទី១៨ ខែមិនា ឆ្នាំ២០២០ តាមច្រកព្រលានយន្តហោះអន្តរជាតិភ្នំពេញ ដោយបាត់លិខិតឆ្លងដែន និងវីសាហួសសុពលភាព ហើយខ្វះខាតថវិកា ទើបមិនអាចត្រឡប់ ទៅប្រទេសជប៉ុនវិញបាន ។ បន្ទាប់ពីការសាកសួរ និងពិនិត្យសុខភាពរួចរាល់រួច នៅវេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ សមត្ថកិច្ច ក៏បានបញ្ជូនជនជាតិជប៉ុនរូបនេះ ទៅឲ្យស្ថានទូតជប៉ុនប្រចាំកម្ពុជា ៕