ភ្នំពេញ ៖ ពលករខ្មែរម្នាក់ ឈ្មោះ ណាំ សុខ ភេទប្រុស អាយុ៣៤ឆ្នាំ មានស្រុកកំណើត នៅខេត្តបាត់ដំបង ដែលត្រូវនិយោជក ប្រើប្រាស់អំពើហិង្សា វាយនឹងកាំភ្លើង បណ្តាលឲ្យបែកក្បាល កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២១ នៅបរិវេណផ្សារបានម៉ៃ ខេត្តឆាក់ឈើងសៅនោះ បានទទួលយុត្តិធម៌វិញហើយ ។ នេះបើតាមការចុះផ្សាយ របស់ផេកទូតខ្មែរ ប្រចាំក្រុងបាងកក ។
ការទទួលបានយុត្តិធម៌នេះ ដោយសារតំណាងស្ថានទូតកម្ពុជា ប្រចាំប្រទេសថៃ បានសហការជាមួយអាជ្ញាធរ ពាក់ព័ន្ធចុះមកស្នងការដ្ឋាន នគរបាលខេត្តឆាក់ឈើងសៅ ដើម្បីតាមដានដោះស្រាយ បញ្ហាឲ្យនាថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ ។
បន្ទាប់ពីប្រជុំ រកដំណោះស្រាយរួមគ្នារួចមក ពលករ ទទួលបានភាពយុត្តិធម៌ នូវបញ្ហាដែលគាត់បានទាមទារ ចំនួន៤ចំណុច និងមានទឹកចិត្តសប្បាយរីករាយ ចំពោះលទ្ធផល នៃចំណាត់ការរបស់អាជ្ញាធរ ។
ក្នុងនោះអាជ្ញាធរថៃ នឹងមានចំណាត់ការ បន្តផ្តន្ទាទោស ទៅលើនិយោជក តាមច្បាប់ក្នុងប្រទេសថៃ ៕