ព័ត៌មានជាតិ

សម្ភោធ ដាក់ឲ្យប្រើប្រាស់ សមិទ្ធិផលនានា មន្ទីរពេទ្យបង្អែក ហ៊ុន សែន ស្ទឹងត្រង់ ចំណាយថវិកា អស់ជាង៣៣ម៉ឺនដុល្លារ

កំពង់ចាម ៖ អភិបាល ខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នៅព្រឹកថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ២០២១ នេះ បានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវសមិទ្ធផលនានា នៅមន្ទីរពេទ្យបង្អែក ហ៊ុន សែន ស្រុកស្ទឹងត្រង់ ដែលចំណាយថវិកាអស់ជាង ៣៣ម៉ឺនដុល្លារ បានមកពីដៃគូរអភិវឌ្ឍន៍ អង្គការសាសនា ចក្រព្រះយេស៊ូវគ្រីស្ទ នៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ដើម្បីឆ្លើយតបទៅនឹង តម្រូវការសេវាពិនិត្យ និងព្យាបាលសុខភាព របស់ប្រជាពលរដ្ឋ ។

ស្ថិតក្នុងឱកាសនោះ ប្រធានមន្ទីរសុខាភិបាល ខេត្តកំពង់ចាមលោក គឹមសួរ ភីរុណ បានថ្លែងថា មន្ទីរពេទ្យបង្អែក ហ៊ុន សែន ស្ទឹងត្រង់ ជាមន្ទីរពេទ្យ ទើបបង្កើតថ្មី មានការខ្វះខាតជាច្រើន ទាំងហេដ្ឋារចនាសម្ព័ន្ធ និងធនធានមនុស្ស ប៉ុន្តែកន្លងមកនេះ ដោយមានការយកចិត្តទុកដាក់ និងគាំទ្រពីសំណាក់ថ្នាក់ដឹកនាំ គ្រប់លំដាប់ថ្នាក់ មន្ទីពេទ្យមួយនេះ បានធ្វើការអភិវឌ្ឍ ជាបន្តបន្ទាប់ នៃធនធានបានមកពី ជំនួយសប្បុរសធម៌នានា ព្រមទាំងអង្គការ ដើម្បីធ្វើការអភិវឌ្ឍន៍មន្ទីរពេទ្យបង្អែកនេះ ឲ្យមានដំណើរការសមស្រប ជាទីកន្លែងផ្តល់សេវាសុខាភិបាល គួរជាទីទុកចិត្តរបស់បងប្អូនប្រជាពលរដ្ឋ ។

ជាក់ស្តែងដូចជាពេលនេះ ដោយមានការចង្អុលបង្ហាញពី លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម យើងបានទទួលនូវជំនួយ ពីអង្គការសាសនាចក្រ នៃព្រះយេស៊ូវគ្រីស្ទ នៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ដែលត្រូវបានសាងសង់រួចរាល់ និងរៀបចំពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការនូវសមិទ្ធិផលនានា រួមមាន ៖ ប្រព័ន្ធផ្លូវ បង្គន់អនាម័យ
បន្ទប់ទឹក លូបង្ហូរទឹកភ្លៀង និងសួនច្បារ នៅក្នុងបរិវេណមន្ទីរពេទ្យបង្អែក ដែលបានចំណាយថវិកាអស់ជាង ៣៣ម៉ឺនដុល្លារសហរដ្ឋអាមេរិក ។

អភិបាលខេត្តកំពង់ចាមលោក អ៊ុន ចាន់ដា បានមានប្រសាសន៍ថា សមិទ្ធផល ដែលសម្រេចបាននាពេលនេះ គឺជាការឆ្លើយតបទៅតាមសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋជាចាំបាច់ ពិសេសគឺសេវាព្យាបាល និងថែទាំសុខភាព របស់បងប្អូនប្រជាពលរដ្ឋ របស់យើង ។ ម្យ៉ាងទៀតមន្ទីរពេទ្យបង្អែក ហ៊ុន សែន ស្ទឹងត្រង់ និងបន្តអភិវឌ្ឍ មានបំពាក់សម្ភារៈបរិក្ខាពេទ្យ ឲ្យមានស្តង់ដារប្រហាក់ប្រហែលទៅនិងមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម និងការបណ្ដុះបណ្ដាលគ្រូពេទ្យជំនាញ ឲ្យមានសមត្ថភាពអាចព្យាបាលជំងឺធ្ងន់ធ្ងរ បានដូចគ្រូពេទ្យ នៃមន្ទីរពេទ្យខេត្តកំពង់ចាមដូច្នោះដែរ ។ ដែលប្រការនេះ អាចជួយសម្រួលដល់បងប្អូន ប្រជាពលរដ្ឋយើង នៅក្នុងស្រុកស្ទឹងត្រង់ ឬក៏នៅមូលដ្ឋានជាប់ នឹងស្រុកមួយនេះ អាចរត់រកសេវាព្យាបាលសុខភាព ដោយមិនចាំបាច់ទៅដល់មន្ទីរ ពេទ្យខេត្តកំពង់ចាម ដែលនៅឆ្ងាយនោះឡើយ ។

ជាមួយគ្នានោះដែរ លោកអភិបាលខេត្ត បានថ្លែងអំណរគុណ ដល់ប្រតិភូសមាគមសាសនាចក្រព្រះយេស៊ូវគ្រីស្ទ នៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ដែលបានខិតខំប្រឹងប្រែងចូលរួម ក្នុងការផ្ដល់ជូននូវសមិទ្ធផលដ៏ថ្លៃថ្លា ពិតជាមានតម្លៃដែលមិនអាចកាត់ថ្លៃបាន សម្រាប់បងប្អូនប្រជាពលរដ្ឋយើង នៅក្នុងស្រុកស្ទឹងត្រង់ ។

ទន្ទឹមនឹងនោះដែរ លោកអភិបាលខេត្តបានផ្ដាំផ្ញើ ដល់អាជ្ញាធរមូលដ្ឋាន ក៏ដូចជាប្រជាពលរដ្ឋ សូមចូលរួមអនុវត្តគោលនយោបាយ ភូមិឃុំមានសុវត្ថិភាព ហើយត្រូវជៀសឲ្យផុត ពីការប្រព្រឹត្តល្បែងស៊ីសង ពិសេសទាក់ទងទៅ នឹងបញ្ហាគ្រឿងញៀន សូមបងប្អូនប្រជាពលរដ្ឋ សហការជាមួយនឹងសមត្ថកិច្ច ដើម្បីទប់ស្កាត់ទាំងអស់គ្នា ពោល ប្រសិនបើបានជួបប្រទះ ការជួញដូរ ការប្រើប្រាស់ ការធ្វើចរាចរគ្រឿងញៀន នៅក្នុង សហគមន៍ សូមរាយការណ៍ជាបន្ទាន់ មកអាជ្ញាធរមានសមត្ថកិច្ច ដើម្បីឈានទៅបង្ក្រាបបទ ល្មើសនោះបានទាន់ពេលវេលា ។ ម្យ៉ាងទៀតសូមបងប្អូន ប្រជាពលរដ្ឋយើង ចូលរួមអនុវត្តគោរពច្បាប់ចរាចរណ៍ អោយបានគ្រប់គ្នា ដើម្បីការពារពីការគ្រោះថ្នាក់ចរាចរណ៍ ដែលនាំឲ្យរងរបួស ធ្វើឱ្យខាតពេលវេលាក្នុងការព្យាបាល និងខាតបង់ថវិកា ឬក៏គ្រោះថ្នាក់បាត់បង់ជីវិត ដោយសារតែការធ្វេសប្រហែស មិនបានអនុវត្តតាមច្បាប់ចរាចរណ៍នោះ ។

To Top