ព័ត៌មានជាតិ

អ្នកនាំពាក្យក្រសួងវប្បធម៌ ៖ បុណ្យនៃក្តីស្រឡាញ់ឆ្នាំនេះ មានលក្ខណៈល្អប្រសើរ

ភ្នំពេញ ៖ ខណៈថ្ងៃបុណ្យ នៃសេចក្តីស្រឡាញ់ Valentine’s Day បានផុតទៅ២ថ្ងៃ លោក ឡុង ប៉ុណ្ណាស៊ីរីវត្ថ អ្នកនាំពាក្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបង្ហាញពីទិដ្ឋភាពទូទៅ ថ្ងៃបុណ្យនៃក្តីស្រឡាញ់១៤កុម្ភៈនេះថា សម្រាប់ឆ្នាំ២០២១ មានលក្ខណៈល្អប្រសើរ ជាពិសេសយុវវ័យ មិនមានសកម្មភាពណាមួយ ប្រាចាក់ពីសង្គមស្អប់ខ្ពើមឡើយ ។

តាមឯកសារ បុណ្យនេះ គឺជាថ្ងៃដែលបញ្ជាក់ អំពីសេចក្តីស្រឡាញ់ ជាទូទៅ ដោយមិនចាំបាច់សម្រាប់តែគូស្នេហ៍ទេ។ សេចក្ដីស្រឡាញ់ មានលក្ខណៈទូលំទូលាយ។ ប៉ុន្ដែ ថ្ងៃបុណ្យនៃសេចក្ដីស្រឡាញ់ ត្រូវបានយល់ច្រលំដោយគិតថា ថ្ងៃបុណ្យនេះសម្រាប់តែគូស្នេហ៍ ជាពិសេសក្នុងចំណោមយុវវ័យក្មេងៗ ទើបបានជាពួកគេហៅថ្ងៃបុណ្យនេះថា ថ្ងៃបុណ្យសង្សារ ។ នៅថ្ងៃបុណ្យនេះ គេនិយមជូនផ្កាកុលាប សូកូឡា ឬកាតជូនពរឲ្យគ្នាទៅវិញទៅមក។ និមិត្តសញ្ញានៃថ្ងៃបុណ្យនៃសេចក្ដីស្រឡាញ់ គឺរូបបេះដូង ផ្កាកុលាប និងរូបកូនទេវតាស្នេហា ដែលមានកាន់ព្រួញនិងបេះដូង។

ទិវានៃក្តីស្រឡាញ់ ត្រូវបានហូរចូលមកកម្ពុជា អស់រយៈពេលជាច្រើនឆ្នាំមកហើយ ដែលកាលពីប៉ុន្មានឆ្នាំកន្លងមក ទិវានេះត្រូវបានយុវជននាំគ្នា ប្រព្រឹត្តអំពើមិនគប្បី នៅតាមផ្ទះសំណាក់ សណ្ឋាគារជាដើម ។

លោក ឡុង ប៉ុណ្ណាស៊ីរីវត្ថ អ្នកនាំពាក្យក្រសួងវប្បធម៌ បានប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល នៅថ្ងៃ១៦ កុម្ភៈថា ទោះបីជាមានការលក់ផ្កា ឬវត្ថុអនុស្សាវរីយ៍នោះគឺលក់ជាធម្មតា ប៉ុន្តែបុណ្យនេះមានភាពល្អប្រសើរ ដោយមានការបង្ហាញក្តីស្រឡាញ់ រវាងឪពុក-ម្តាយនិងកូន បងប្អូន មិត្តរួមការងារ រវាងថៅកែនិងកូនចៅជាដើម។ ក្នុងនោះបើយុវវ័យវិញគឺមិនមានសកម្មភាពអ្វីហួសហេតុខុសពីទំនៀមទំលាប់ប្រពៃណីឡើយ គឺគ្រាន់តែមានការជូនផ្កាគ្នាទៅវិញទៅមក ។ ក្មេងៗក៏បានជូនផ្កា ឬវត្ថុអនុស្សាវរីយ៍ទៅគ្រូបង្រៀនផងដែរ។

លោកថា “សព្វថ្ងៃនេះគឺមានភាពប្រសើរ គឺថាលើកទឹកចិត្តទៅដល់ការស្រឡាញ់ នៃទំនាក់ទំនងគ្រួសារ ជាស្វាមី-ភរិយាយើងឃើញល្អ។ មានន័យថា អ្វីដែលយល់ខុសពីមុនមក ដែលថាគូសង្សារត្រូវលះបង់អ្វី ដើម្បីឲ្យសង្សារអីជាដើមនោះ យើងមិនឃើញមានរបៀបចឹងទេ”។

លោកថា ចំពោះឥស្សិរជនមួយចំនួន ក៏បានចែកក្តីស្រឡាញ់ តាមចំណីអាហារលុយកាក់ ទៅជនពិការផងដែរ៕

To Top