មូស្គូ៖ ប៉ូលិសនៅក្នុងប្រទេសមីយ៉ាន់ម៉ា បានដាក់ការចោទប្រកាន់ជាលើកទី ២ ប្រឆាំងនឹងមេដឹកនាំប្រទេសគឺលោកស្រី អ៊ុងសានស៊ូជី ដែលត្រូវបានទម្លាក់ នៅក្នុងរដ្ឋប្រហារយោធា។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ បានឱ្យដឹងថា សារព័ត៌មាន Sky News បានរាយការណ៍ថា លោកស្រីអ៊ុងសានស៊ូជី ត្រូវបានចោទប្រកាន់ពីបទរំលោភច្បាប់គ្រោះមហន្តរាយជាតិ។
ការចោទប្រកាន់លើកទី២ថែមទៀតនេះ បានកើតឡើងបន្ទាប់ពីប៉ូលីសមីយ៉ាន់ម៉ា បានប្តឹងប្រឆាំងនឹងលោកស្រីស៊ូជី ចំពោះការនាំចូលឧបករណ៍ទំនាក់ទំនងខុសច្បាប់។
សូមជម្រាបថា កាលពីដើមខែនេះមេដឹកនាំយោធានៃប្រទេសមីយ៉ាន់ម៉ា គឺលោកមីន អ៊ុងឡា បាននិយាយនៅក្នុងសុន្ទរកថាតាមទូរទស្សន៍មួយទៅកាន់ប្រជាជាតិថា គណៈកម្មការរៀបចំការបោះឆ្នោត បានប្រើការរីករាលដាលនៃជំងឺកូវីដ១៩ ជាលេស ដើម្បីទប់ស្កាត់ការធ្វើយុទ្ធនាការដោយយុត្តិធម៌ មុនការបោះឆ្នោតទូទៅនៅក្នុងប្រទេសមីយ៉ាន់ម៉ា កាលពីឆ្នាំមុន៕ប្រែសម្រួលៈ ណៃ តុលា