ភ្នំពេញ ៖ ទោះបីជាអភិបាលរង ខេត្តបាត់ដំបង ឈ្មោះ ឆាយ ម៉ាទីណាល់ ព្រមដកបង្គោលចេញ ពីកណ្តាលទ្រូងផ្លូវក៏ដោយ ប៉ុន្តែលោក ពេជ្រ ស្រស់ មេបក្សយុវជនកម្ពុជា បានទាមទារឲ្យស្រាវជ្រាវ រកការពិតឲ្យឃើញថា លោកអភិបាលរងខេត្តម្នាក់នេះ ពិតជាបានប្រព្រឹត្តិរឿង ដ៏ថោកទាបនេះ ឬក៏អត់? បើជាការពិត គឺពុំគួរទុកឲ្យកាន់តំណែងធំបែបនេះទៀតទេ។
កាលពីថ្ងៃ១៧ កុម្ភៈ តាមរយៈបណ្តាញសង្គម ករណីអភិបាលខេត្តរង ខេត្តបាត់ដំបងរូបនេះ ដែលបានបង្គោលថ្ម លើកណ្តាលទ្រូងផ្លូវ ទទួលបានការចាប់អារម្មណ៍ ជាខ្លាំងពីសាធារណជន ដែលសម្តែងការហួសចិត្ត ចំពោះទង្វើមន្រ្តីរូបនេះ ។ ក្រោយផ្ទុះការរិះគន់ លោកក៏បានរុះរើរបងចេញ។
លោក ឆាយ ម៉ាទីណាល់ បានអះអាងថា មានគេធ្វើផ្លូវរំលោភលើដី ម៉ាក់គាត់ រួមទាំងអគ្គិសនីផងដែរ ។
លោក ពេជ្រ ស្រស់បានលើកឡើង នៅថ្ងៃ១៧ កុម្ភៈថា “បើសិនជារឿងនេះពិតមែននោះ មន្រ្តីប្រភេទនេះពុំគួរកាន់តំណែងធំ បែបនេះទេ ដោយហេតុថា បើរាស្រ្តធ្វើអំពើថោកទាបគ្រាន់ តែបង្ករជម្លោះជាមួយអ្នកជិតខាង ក៏ប៉ុន្តែបើអ្នកកាន់អំណាចធ្វើអំពើថោកទាប គឺបង្កគ្រោះភ័យដល់ជាតិ និងសេចក្តីសុខរបស់ពលរដ្ឋមួយនគរ ។ ដូច្នេះករណី នៃលោកអភិបាលរងខេត្តម្នាក់នេះ គួរតែស្រាវជ្រាវរកការពិតឲ្យឃើញថា លោកអភិបាលរងខេត្តម្នាក់នេះ ពិតជាបានប្រព្រឹត្តិរឿងដ៏ថោកទាបនេះ ឬក៏អត់?”។
លោកថា បើរកឃើញបានប្រព្រឹត្តមែននោះ រាជរដ្ឋាភិបាលគួរឲ្យគាត់ទៅរៀនសូត្រឡើងវិញ ដោយហេតុថាការពង្រីកផ្លូវរបស់រដ្ឋ គឺម្ចាស់ដីត្រូវតែបរិច្ចាគដីឲ្យរដ្ឋពង្រីកផ្លូវ ដើម្បីជាប្រយោជន៍រួម ។
លោកបន្តថា ព្រោះក្នុងនាមជាមន្រ្តីត្រូវធ្វើគំរូ ដល់ពលរដ្ឋក្នុងការផ្តល់ដីជូនរដ្ឋ ពង្រីកផ្លូវប្រើប្រាស់រួម ហើយធ្វើឲ្យពលរដ្ឋដទៃទៀត បើកចិត្តទូលាយជាមួយរដ្ឋពេល ដែលរដ្ឋត្រូវការពង្រីកផ្លូវ ៕