ព័ត៌មានជាតិ

សិក្ខាសាលាបង្រៀន ពីជំនាញឌីជីថល ដំបូងគេ សម្រាប់យុវនារី

ភ្នំពេញ៖ គិតត្រឹមខែមករា ឆ្នាំ ២០២១ ប្រទេសកម្ពុជា មានកំណត់ត្រា អ្នកប្រើប្រាស់ អ៊ីនធឺណេតចំនួន ៨,៨៦ លាននាក់ ដែលបង្ហាញថា ជំនាញឌីជីថល ពិតជាមានសារៈសំខាន់ណាស់ ដើម្បីទទួលបានជោគជ័យ នៅក្នុងពិភពដែលពោពេញ ដោយបច្ចេកវិទ្យា ។ ជាមួយនេះដែរ ការចូលរួមរបស់ស្ត្រី នៅក្នុងពិភពឌីជីថល គឺជាកត្តាចាំបាច់ ដើម្បីបង្កើតសេដ្ឋកិច្ច និងសង្គមឌីជីថល ប្រកបដែលស្មើភាព ។

នៅកំឡុងថ្ងៃទី ២៧ ដល់ ៣១ ខែមករា ឆ្នាំ ២០២១ កម្មវិធី Her Project: Digital Edition បានរៀបចំដំណាក់កាលទី ១ នៃ គម្រោងជាសិក្ខាសាលា បានយ៉ាងជោគជ័យ ដែលប្រព្រឹត្តឡើង រយៈពេល ៥ថ្ងៃ ។ តាមរយៈសិក្ខាសាលានេះ សិស្សនិស្សិតស្រី ចំនួន១៥នាក់មកពី ៤ ខេត្ត – ក្រុងបានរៀនជំនាញសំខាន់ៗអំពី ការយល់ដឹងអំពីប្រព័ន្ធផ្សព្វផ្សាយ ការយល់ដឹងអំពីសហគមន៍ យុទ្ធនាការឌីជីថល និងជំនាញគ្រប់គ្រងគម្រោង ។

ក្រោមជំនួយពីមូលនិធិ Alumni Engagement Innovation Fund និង គាំទ្រដោយ ស្ថានទូតសហរដ្ឋអាមេរិកប្រចាំ នៅប្រទេសកម្ពុជា កម្មវិធី HER Project: Digital Edition បានផ្តួចផ្តើមឡើង ក្នុងគោលបំណងបង្កើនការ ចូលរួមរបស់ស្ត្រី នៅក្នុងការធ្វើការងារសង្គម និងសកម្មភាពឌីជីថល ។ នៅកំឡុងពេលកម្មវិធី អ្នកចូលរួម បានឆ្លងកាត់វគ្គបណ្តុះបណ្តាល វគ្គចែករំឡែក ដំណើរទស្សនកិច្ចនៅស្ថានទូតអាមេរិក ប្រចាំប្រទេសកម្ពុជា និងការរៀបចំគំរោង ធ្វើយុទ្ធនាការផ្សព្វផ្សាយខ្នាតតូច ដើម្បីសហគមន៍របស់ពួកគេ ក៏ដូចជាគម្រោងឌីជីថល ទាក់ទងទៅនឹងសារៈសំខាន់នៃការយល់ដឹង អំពីអំពីប្រពន្ធផ្សព្វផ្សាយ ។

“ដើម្បីទទួលបាន ភាពជោគជ័យ នៅថ្ងៃអនាគត ប្រទេសនិមួយៗ ត្រូវតែផ្ដល់សក្ដានុពល ទៅដល់ក្មេងស្រី និងនារីនៅគ្រប់វិស័យ ជាពិសេសវិស័យបច្ចេកវិទ្យា។” ជាប្រសាសន៏របស់លោក Chad Roedemeier ដែលជាមន្រ្តីទំនាក់ទំនងសាធារណៈរបស់ស្ថានទូតអាមេរិក។ “សហរដ្ឋអាមេរិកពិតជាមានមោទនភាព ដែលបានជួយដល់ និស្សិតស្រី ទាំង១៥រូប ដែលនឹងអាចក្លាយ ជាអ្នកដឹកនាំ ផ្នែកបច្ចេកវិទ្យា នាថ្ងៃអនាគតរបស់កម្ពុជា” ។

ឆ្លើយយតបទៅនឹង ស្ថានភាពបច្ចុប្បន្ន នៃជំងឺ កូវីដ-១៩ អ្នករៀបចំគម្រោង HER Project និងអ្នកចូលរួមទាំងអស់ បានចាត់វិធានការបង្ការទុកជាមុននិងអនុវត្តតាមគោលការណ៍ណែនាំ របស់ក្រសួងសុខាភិបាលយ៉ាងតឹងរឹង ក្នុងរយៈពេលនៃការចូលរួមទាំងមូល។

គម្រោងនេះ បានសហការជាមួយ ក្រុមដៃគូចម្រុះ រាប់ចាប់ពីនិស្សិតក្មេងៗ ក្រុមសង្គមស៊ីវិល រហូតដល់អ្នកជំនាញ ដែលជួយបង្ហាញបន្ថែមទៀត ពីគោលដៅនៃគម្រោង និងលើកកម្ពស់ការយល់ដឹង និងគម្រោងនេះបានសហការ ជាមួយក្រុមដៃគូចម្រុះ រាប់ចាប់ពីនិស្សិតក្មេងៗ ក្រុមសង្គមស៊ីវិល រហូតដល់អ្នកជំនាញ ដែលជួយបង្ហាញបន្ថែមទៀត ពីគោលដៅនៃគម្រោង និងលើកកម្ពស់ការយល់ដឹង និងការផ្តល់សិទ្ធិអំណាចដល់ស្ត្រី ក្នុងការកសាង និងអភិវឌ្ឍសហគមន៍របស់ពួកគេ ៕

To Top