ព័ត៌មានជាតិ

មន្រ្តីកម្ពុជា រៀបចំឲ្យបុរស ជនជាតិជប៉ុន គ្មានគោលដៅម្នាក់ ទៅប្រទេស កំណើតវិញ

ភ្នំពេញ ៖ សមត្ថកិច្ច នៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ បានរៀបចំសំណុំឯកសារ បញ្ជូនបុរសជនជាតិជប៉ុន ដែលបានបាត់ លិខិតឆ្លងដែន និងវីសាហួសកាលកំណត់ ដោយបានដើរសម្រាក នៅតាមទីសាធារណៈ ទៅអគ្គនាយកដ្ឋាន អន្តោប្រវេសន៍ និងសុំគោលការណ៍ថ្នាក់ដឹកនាំ ដើម្បីបញ្ជូនគាត់ ទៅប្រទេសដើមវិញ ។ នេះបើតាមការចុះផ្សាយ របស់ស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ នាថ្ងៃ១៨ កុម្ភៈ ។

កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង១៣និង២០នាទី ការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី ផែនការងារអន្តោប្រវេសន៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានទទួលជនជាតិជប៉ុនរូបនេះ មានឈ្មោះ GEN KUBOTA ភេទប្រុស អាយុ៤៩ឆ្នាំ ជនជាតិជប៉ុន ពីកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចតុមុខ ខណ្ឌដូនពេញ ពីបទស្នាក់នៅដោយខុសច្បាប់ គ្មានលិខិតឆ្លងដែនជាប់នឹងខ្លួន។

បន្ទាប់ពីកម្លាំងការិយាល័យ បានធ្វើការសាកសួរទើបដឹងថា បុរសជនជាតិជប៉ុនរូបនេះ បានចូលមកកម្ពុជាតាំងពីថ្ងៃទី១៨ ខែមិនា ឆ្នាំ២០២០ តាមច្រកព្រលានយន្តហោះ អន្តរជាតិភ្នំពេញ ដោយបាត់លិខិតឆ្លងដែន និងវីសាហួសសុពលភាព ហើយខ្វះខាតថវិកា ទើបមិនអាចត្រឡប់ ទៅប្រទេសជប៉ុនវិញបាន ៕

To Top