កំពង់ចាម៖ ក្នុងកិច្ចប្រជុំបូកសរុបការងារឆ្នាំ ២០២០ និងលើកទិសដៅឆ្នាំ ២០២១ របស់ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី ១៨ ខែកុម្ភៈឆ្នាំ ២០២១នេះ អភិបាលខេត្តកំពង់ចាមលោក អ៊ុន ចាន់ដា បានមានប្រសាសន៍ថា យុវជនគឺជាកម្លាំងដ៏សំខាន់ក្នុងការចូលរួមចំណែក ការពារ កសាងសង្គមជាតិរបស់យើង ។
លោកអភិបាលខេត្ត បានថ្លែងបន្តថា ក្នុងឆ្នាំ ២០២០ កន្លងទៅនេះ ខេត្តកំពង់ចាម បានឆ្លងកាត់វិញ្ញាសាថ្មីមួយ ដែលជាវិញ្ញាសាប្រវត្តិសាស្ត្រ ១០០ ឆ្នាំកើតម្ដង គឺបញ្ហានៃជំងឺកូវីដ១៩។ ពេលនោះហើយ ដែលក្រុមយុវជន (សសយក) បានបញ្ចេញសកម្មភាពយ៉ាងសស្រាក់សស្រាំ រួមសហការជាមួយរដ្ឋបាលខេត្តកំពង់ចាម ក្នុងការរៀបចំក្នុងក្របខណ្ឌ គណៈកម្មការ ប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ របស់ខេត្ត ។

ជាក់ស្តែង ដូចជាព្រឹត្តិការណ៍កើតឡើងមុនគេ គឺនាវាទេសចរណ៍មួយគ្រឿង បាននាំអ្នកផ្ទុកជំងឺកូវីដ១៩ មកទឹកដីខេត្តកំពង់ចាម ដែលពេលនោះ មានលោកហាន កុសល អភិបាលរងខេត្ត និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកំពង់ចាម ដឹកនាំក្រុមយុវជនយើង ចូលរួមយ៉ាងមមាញឹក រៀបចំកន្លែងស្នាក់នៅ សម្រាប់អ្នកជំងឺ ។ជាបន្តបន្ទាប់មកទៀត ចំណងសាមគ្គីភាពរបស់ក្រុមយុវជនយើង បានបន្តរួមការងារជាមួយនឹងអាជ្ញាធរខេត្ត អនុវត្តការងារ ជាប្រយោជន៍ដល់ប្រជាពលរដ្ឋ ក្នុងខេត្តរបស់យើងជាច្រើនទៀត ដែលកត្តាទាំងនោះ បានបញ្ជាក់ឲ្យឃើញថា យុវជនរបស់យើង កាន់តែមានការយល់ច្បាស់ នូវតម្លៃរបស់ខ្លួនក្នុងការ ចូលរួម កសាង ការពារសង្គមជាតិរបស់យើង ។

ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកំពង់ចាមលោក ហាន កុសល បានថ្លែងថា ភាពជាយុវជន ចាប់ផ្ដើមពីការទទួលបាននូវឱកាស ដែលអាចឱ្យពួកគាត់ធ្វើតេស្តនូវចំណេះដឹង ជំនាញ និងសមត្ថភាព ព្រមទាំងគំនិតច្នៃប្រឌិតរបស់ពួកគាត់ ដើម្បីបង្កើតបានជាបទពិសោធន៍ថ្មីៗ ពង្រីកគំនិតច្នៃប្រឌិតរបស់ពួកគាត់ អោយកាន់តែខ្លាំង ដើម្បីឲ្យពួកគាត់អាចធ្វើដំណើរទៅមុខបានដោយទំនុកចិត្ត និងចេះដោះស្រាយរាល់បញ្ហា ដែលពួកគេជួបប្រទះ នៅពេលដែលពួកគេធ្វើកំពុងធ្វើដំណើរ ។
ជាមួយគ្នានោះដែរ លោក ហាន កុសល ក៏បានថ្លែងអំណរគុណ ដល់អស់លោក លោកស្រី ដែលជាប្រធានមន្ទីរអង្គភាព អភិបាលក្រុង-ស្រុក ដែលបានជួយជ្រោមជ្រែង ឧបត្ថម្ភគាំទ្រ សម្របសម្រួល ដល់ការងារអនុវត្តរបស់ សមាជិក សមាជិកា នៃសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ចាម ឲ្យសម្រេចបានជោគជ័យក្នុងឆ្នាំ ២០២០ កន្លងមក។

អ្នកស្រី ដាំដា រានី រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាអនុប្រធានទី១ សហភាពសហព័ន្ធយុវជនកម្ពុជា បានមានប្រសាសន៍ថា ពិធីជួបជុំគ្នាថ្ងៃនេះ ពិតជាបានឆ្លុះបញ្ចាំង នូវការសាមគ្គីភាពរបស់គ្រួសារ សហភាពសហព័ន្ធយុវជនកម្ពុជា ក្នុងការបន្តបេសកកម្មជួយដល់សង្គម មនុស្សធម៌ ជាពិសេស បន្តចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលមានគោលការណ៍បណ្ដុះបណ្ដាលយុវជនកម្ពុជា ឱ្យក្លាយជាសសរទ្រូង ដ៏រឹងមាំសម្រាប់ប្រទេសជាតិ ។
ក្រៅពីការពាំនាំប្រសាសន៍ផ្ដាំផ្ញើរបស់លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា អ្នកស្រី ដាំដា រានី ក៏បានថ្លែងអំណរគុណ ដល់ថ្នាក់ដឹកនាំខេត្តកំពង់ចាម និងអ្នកពាក់ព័ន្ធ ដែលបានចូលរួមយ៉ាងសកម្ម និងរឹងមាំជាមួយក្រុមយុវជន(សសយក) ជាមួយកិច្ចការរបស់រាជរដ្ឋាភិបាល ក្នុងការជួយសង្គមជាតិរបស់យើង ៕
