ភ្នំពេញ៖ លោក ស៊ូប្រាម៉ានយ៉ាំ ចៃហ្សានកា (Subrahmanyam Jaishankar) រដ្ឋមន្រ្តីការបរទេសនៃ សាធារណរដ្ឋឥណ្ឌា បានប្រកាសសន្យាថា នឹងខិតខំជួយកម្ពុជា ឲ្យទទួលបានវ៉ាក់សាំងការពារជំងឺកូវីដ១៩ ចំនួន ៥លានដូន តបតាមសំណើរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានស្នើសុំទិញកាលពីពេលកន្លងទៅ ។
នេះបើតាមការបញ្ជាក់របស់រដ្ឋមន្រ្តីការបរទេសឥណ្ឌា នៅក្នុងជំនួបសន្ទនាតាមទូរស័ព្ទជាមួយ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា កាលពីល្ងាចថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ ដើម្បីពិភាក្សាពីថ្នាំបង្ការជំងឺកូវីដ-១៩ និងការរួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺនេះ។
ក្នុងជំនួបនេះឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានសាទរចំពោះការខិតខំ ប្រឹងប្រែងរបស់ប្រទេសឥណ្ឌា ដែលបានអភិវឌ្ឍ វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចំនួន២ប្រភេទ ប្រកបដោយជោគជ័យ និងបានថ្លែងកោតសរសើរកាយវិការ មនុស្សធម៌ជាអន្តជាតិរបស់ឥណ្ឌា ចំពោះការបរិច្ចាគ និងលក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ រាប់លានដូសដល់ប្រទេសជាច្រើន។
លោកឧបនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណដល់ រដ្ឋាភិបាលឥណ្ឌាផងដែរ ដែលបានអនុម័តផ្គត់ផ្គង់វ៉ាក់សាំង បង្ការជំងឺកូវីដ-១៩ ចំនួន ១សែនដូស ដល់កម្ពុជា តាមរយៈវិទ្យាស្ថានសេរ៉ូមនៃប្រទេសឥណ្ឌា ផ្អែកលើកិច្ចសន្យាពាណិជ្ជកម្ម ទោះបីជាមានការប្រកួតប្រជែង និងសំណើជាច្រើនពីប្រទេសដៃគូ និងតម្រូវការក្នុងស្រុកក៏ដោយ។
ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានជម្រាបជូនសមភាគីឥណ្ឌាថា កម្ពុជាត្រូវការទិញវ៉ាក់សាំង បង្ការជំងឺកូវីដ-១៩ ចំនួន ៥លានដូស ដោយស្នើសុំឲ្យភាគីឥណ្ឌាផ្គត់ផ្គង់ វ៉ាកសាំងនេះក្នុងដំណាក់កាលដំបូង ចំនួន ១លានដូស។ ក្នុងឱកាសនោះ លោកក៏បានគូសបញ្ជាក់ផងដែរថា សម្តេចតេជោនាយករដ្ឋមន្ត្រី សម្រេចទិញវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ពីឥណ្ឌា ដោយសារកម្ពុជា និងឥណ្ឌាមានប្រវត្តិទំនាក់ទំនង យ៉ាងជិតស្និទ្ធ និងម្យ៉ាងទៀត ដោយសារប្រជាជនកម្ពុជា ជឿទុកចិត្តលើថ្នាំពេទ្យ និងសេវាសុខភាពរបស់ឥណ្ឌា ដែលមានតម្លៃសមរម្យ និងមានប្រសិទ្ធិភាពខ្ពស់ ។
ជាការឆ្លើយតប លោក ចៃហ្សានកា បានថ្លែងថា ឥណ្ឌាមានតម្រូវការវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ខ្ពស់ ទាំងតម្រូវការក្នុងស្រុក និង ក្រៅស្រុក ។
លោករដ្ឋមន្ត្រីឥណ្ឌា បានបញ្ជាក់ច្បាស់ថា «ដោយសារ សម្តេចតេជោនាយករដ្ឋមន្ត្រី បានដាក់សំណើទៅ ឯកឧត្តមនាយករដ្ឋមន្ត្រីឥណ្ឌា ណារិនដ្រា ម៉ូឌី ហើយប្រទេសឥណ្ឌាចាត់ទុក សម្តេចតេជោនាយករដ្ឋមន្រ្តី ជាឥស្សរជនដ៏សំខាន់ និងជាថ្នាក់ដឹកនាំដ៏គួរឲ្យគោរព ឯកឧត្តម នឹងរាយការណ៍សំណើសុំទិញវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចំនួន ៥លានដូស នេះ ជូនឯកឧត្តមនាយករដ្ឋមន្ត្រី ណារិនដ្រា ម៉ូឌី ព្រមទាំងបានសន្យាថា នឹងខិតខំជួយកម្ពុជាឲ្យទទួលបានវ៉ាក់សាំង» ។
ក្នុងសន្និសីទសារព័ត៌មាន ទទួលវ៉ាក់សាំងការពារកូវីដ-១៩ ដែលជាជំនួយរបស់រដ្ឋាភិបាលចិន នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ កាលពីថ្ងៃទី៧ កុម្ភៈ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាឲ្យភាគីពាក់ព័ន្ធ បើកការចរចាសុំទិញវ៉ាក់សាំង កូវីដ១៩ ចំនួនចាប់ពី១លានដូស ទៅដល់៤លានដូស ពីប្រទេសឥណ្ឌា ព្រោះការយល់ព្រមលក់វ៉ាក់សាំង ១០ម៉ឺនដូស របស់ភាគីឥណ្ឌា ឲ្យមកកម្ពុជានោះ គឺស្ថិតក្នុងចំនួនតិចតួច ៕