ព័ត៌មានជាតិ

រាជរដ្ឋាភិបាល ដាក់ចេញគោល នយោបាយ ឲ្យអនុវត្តការគ្រប់គ្រង សំរាមទីប្រជុំជន

ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានដាក់ចេញឲ្យ ប្រជាពលរដ្ឋអនុវត្តនូវ «គោលនយោបាយ ស្តីពីការគ្រប់គ្រងសំរាមសំណល់រឹង ទីប្រជុំជនឆ្នាំ២០២០-២០៣០»។

ក្នុងលិខិតរបស់ រាជរដ្ឋាភិបាល បានឲ្យដឹងថា ការដាក់ចេញឲ្យអនុវត្តគោលនយោបាយនេះ គឺជាផ្នែកមួយនៃការអនុវត្ត យុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ នៅក្នុងមុំទី៤ ការធានាចីរភាពបរិស្ថាន និងការរៀបចំខ្លួនឆ្លើយតប នឹងការប្រែប្រួលអាកាសធាតុ នៃចតុកោណទី៤ ការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាប័ន្ន។

បន្ថែមពីនេះទៀត រាជរដ្ឋាភិបាល មានភាពចាំបាច់ត្រូវដាក់ចេញឲ្យអនុវត្តនូវ«គោលនយោបាយស្តីពីការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន ឆ្នាំ២០២០-២០៣០» ដែលមានមានចក្ខុវិស័យ «រួមចំណែកធ្វើឲ្យ កម្ពុជាកាន់តែមានបរិស្ថានស្អាត ការរស់នៅប្រកបដោយផាសុខភាព សុខុមាលភាព និង សោភ័ណភាពទាក់ទាញ សមស្របនឹងកំណើននៃនគរូបនីយកម្ម និង ការអភិវឌ្ឍសេដ្ឋកិច្ចឆាប់រហ័ស» និងមានគោលបំណង«រៀបចំបង្កើត និងដាក់ឲ្យអនុវត្ត ប្រព័ន្ធគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន មានលក្ខណៈទំនើប គ្រប់ជ្រុងជ្រោយ ដោយគិតគូរពីប្រសិទ្ធភាពសេដ្ឋកិច្ច លទ្ធភាពធនធានហិរញ្ញវត្ថុ និរន្តរភាពបរិស្ថាន និងទិដ្ឋភាពសង្គម»

To Top