Covid-19

សម្ដេចតេជោ ៖ ជាង១០ម៉ោងកម្ពុជា រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន៣២នាក់ ក្នុងរាជធានីភ្នំពេញ នេះជាព្រឹត្តិការណ៍សហគមន៍ លើកទី៣

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានប្រកាសថា ករណីឆ្លងជំងឺកូវីដ-១៩ ចូល ក្នុងសហគមន៍ជាលើកទី៣ នៅព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ ២០២១នេះ ខណៈតែត្រឹមជាង១០ម៉ោងប៉ុណ្ណោះ កម្ពុជារកឃើញវិជ្ជមានកូវីដ-១៩ ចំនួន៣២ករណី ។ សម្តេចបានហៅថានេះជាព្រឹត្តិការណ៍សហគមន៍២០ កុម្ភៈ។

ក្នុងឱកាសថ្លែងសារពិសេសទៅកាន់ប្រជាពលរដ្ឋទូទាំងប្រទេស ទាក់ទងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ នាថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០ សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា «នេះជាការឆ្លងក្នុងសហគមន៍លើកទី៣ បន្ទាប់ពីសហ គមន៍ ៣ វិច្ឆិកា ដែលផ្ដើមចេញពីរដ្ឋមន្ដ្រីការបរទេសហុងគ្រី បន្ទាប់មកទៀត ព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា។ ប៉ុន្ដែថ្ងៃនេះ ខ្ញុំប្រសិទ្ធនាមថា ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ»។

សម្ដេចតេជោបន្ដថា «ត្រឹមតែជាង១០ម៉ោងប៉ុណ្ណោះ យើងបានរកឃើញនូវការឆ្លងក្នុងសហគមន៍ទ្រុងទ្រាយធំ រហូត ទៅដល់៣២ករណី ដែលនេះជាករ ណីមិនធ្លាប់មាននៅប្រទេសរបស់យើងនោះទេ។ ហើយឥឡូវនេះ វិទ្យាស្ថានប៉ាស្ទ័រ ខាងផ្នែកអង្គភាពដែលត្រូវធ្វើសំណាក់ នៅមជ្ឈមណ្ឌលសាធារណៈ កំពុងតែដំណើរការធ្វើតេស្ដបន្ដទៀត»។

ជាងនេះទៅទៀត សម្ដេចតេជោ ហ៊ុន សែន ក៏បានលើកឡើងថា មានប្រជាពលរដ្ឋខ្មែរម្នាក់បានធ្វើលិខិតសុំទៅក្រៅប្រ ទេស ក្រសួងសុខាភិបាលក៏បានរកឃើញកូវីដ-១៩តែម្ដង។ សម្ដេចថា ទាំងនេះជាស្ថានភាពអាក្រក់សម្រាប់កម្ពុជា ខណៈកម្ពុជាកំពុងប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ នៅតាមព្រំដែន ដូចជា ៖ កម្ពុជា-ថៃ កម្ពុជា-វៀតណាម បានធ្វើយ៉ាងល្អហើយ។

ក្នុងឱកាសថ្លែងសារពិសេសទៅកាន់ជនរួមជាតិ សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសដាក់បទបញ្ជាជាថ្មី និងប្រកាសពីការបិទតំបន់មួយចំនួន ដែលផ្ទុះការឆ្លងរាលដាលជំងឺកូវីដ១៩ ក្នុងសហគមន៍ ថ្ងៃ២០កុម្ភៈ នៅរាជធានីភ្នំពេញ គឺត្រូវបិទតំបន់មួយចំនួន ដូចជា ក្លិបកម្សាន្ត N8 និង Apartments រួមទាំងផ្ទះ ដែលមានការរស់នៅច្រើន។

សម្តេចតេជោ បញ្ជាក់ថា ការបិទតំបន់នោះ គឺមិនអនុញ្ញាតឲ្យចេញចូលទេ។ តែបើអ្នកមានផ្ទះនៅតំបន់នោះ អនុញ្ញាតឲ្យចូល តែមិនឲ្យចេញទេ។ ក្រៅពីនេះ ក៏ត្រូវធ្វើតេស្ត ហើយធ្វើចត្តាឡីស័កឲ្យបានត្រឹមត្រូវ។ ស្វែងរកអ្នកពាក់ព័ន្ធជាមួយនឹងក្លិបកម្សាន្ត N8 ដែលនេះ ជាភារកិច្ចរបស់អាជ្ញាធរ ហើយរកតាមបណ្តាខេត្តផងដែរ៕

To Top