ភ្នំពេញ៖ សម្តេច ហេង សំរិន ប្រធានកិត្តិយសគណ បក្សប្រជាជនកម្ពុជា បានជំរុញឲ្យមន្រ្តីគណបក្សគ្រប់ថ្នាក់ គ្រប់ផ្នែកមានភាពស្មោះត្រង់ និងបម្រើជាតិ និងប្រជាជនអស់ពីចិត្តពីថ្លើម ប្តេជ្ញា ការពារគណបក្សនៅគ្រប់កាលៈទេសៈ រាំងស្កាត់បាតុភាពអសកម្ម របស់មន្រ្តីគណបក្ស ដោយភាពម៉ឺងម៉ាត់តាមអភិក្រម “ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់” ។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុក សម្តេច ហេង សំរិន។
ក្នុងឱកាសបិទកិច្ចប្រជុំផ្សព្វផ្សាយ របាយការណ៍របស់គណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលស្តីពី សភាពការណ៍ទូទៅ និងការងារគណបក្ស ឆ្នាំ២០២០ និងទិសដៅភារកិច្ចឆ្នាំ២០២១ របស់ក្រុមការងារគណបក្ស ថ្នាក់កណ្តាលចុះជួយខេត្តត្បូងឃ្មុំ នាថ្ងៃទី២០ ខែកុម្ភៈឆ្នាំ២០២១ នៅក្នុងខេត្តត្បូងឃ្មុំ សម្តេច ហេង សំរិន បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ គណៈកម្មាធិការគណបក្សខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ក៏ដូចជាក្រុមការងារចុះជួយមូលដ្ឋានទូទាំងខេត្ត ដែលបានយកចិត្តទុកដាក់បំពេញភារកិច្ច បម្រើប្រជាជននាពេលកន្លងមក។

សម្តេចបានគូសបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា ត្រូវរៀបចំសន្និបាតគណៈកម្មាធិការកណ្តាល លើកទី៤៣ ដើម្បីពិនិត្យ ពិភាក្សា និងវាយតម្លៃអំពីសភាពការណ៍ទូទៅ និងការងាររបស់ គណបក្សនៅឆ្នាំ២០២០ កន្លងមក និងកំណត់ទិសដៅភារកិច្ចឆ្នាំ២០២១ ។ ប៉ុន្តែអាស្រ័យដោយការរាតត្បាតនៃជម្ងឺកូវីត-១៩ ទើបគណបក្សមិនអាចរៀបចំសន្និបាត គណៈកម្មាធិការកណ្តាល លើកទី៤៣នេះបាន។
សម្តេចប្រធានកិត្តិយសគណបក្ស បានលើកទឹកចិត្តសមាជិកទាំងអស់ បន្តកសាងពង្រឹង លើកកម្ពស់សមត្ថភាព ប្រសិទ្ធិភាពការងាររបស់ កម្មាធិការគណបក្សគ្រប់ថ្នាក់ ក្នុងការដឹកនាំអនុវត្តន៍រាល់ភារកិច្ច នយោបាយដោយប្រកាន់ខ្ជាប់គោលការណ៍ សមូហភាពដឹកនាំម្នាក់ៗ ទទួលខុសត្រូវ មានរបៀបរបបធ្វើការងារច្បាស់លាស់ និងប្រជុំជីវភាពបក្សទៀងទាត់ ផ្សាភ្ជាប់ជិតស្និទ្ធជាមួយ សមាជិកគណបក្ស និងមហាជន ។

សម្តេចស្នើឲ្យក្រុមការងារបន្តពង្រឹង ស្ថាប័នជំនួយការរបស់ គណបក្សគ្រប់ថ្នាក់ ដើម្បីធានានិរន្តរភាពការងារ និងជួរមន្រ្តីជំនាញបន្តវេន បន្តជំរុញរៀបចំរចនាសម្ព័ន្ធ យុវជនគណបក្សគ្រប់ថ្នាក់ សំដៅជួយគណបក្សក្នុងការគ្រប់គ្រង សមាជិកបក្សជាយុវជនលើការងារនយោបាយ សតិអារម្មណ៍ និងចាត់តាំងសំដៅរួមចំណែកធានា នូវប្រសិទ្ធភាពនៃការដឹកនាំរបស់គណបក្ស ។ បន្តជំរុញការកសាង ពង្រីកសមាជិកគណបក្សដោយយកចិត្តទុកដាក់ អំពីគុណភាព ស្របតាមសំណូមពរនៃយុទ្ធសាស្រ្តរបស់គណបក្សគឺ “សមាជិកគណបក្សមួយរូប ជាសំឡេងឆ្នោតគាំទ្រគណបក្សមួយសន្លឹក” ៕
