បរទេស៖ រដ្ឋមន្ត្រីការពារជាតិ សហរដ្ឋអាមេរិក លោក Lloyd Austin បានធ្វើកិច្ចពិភាក្សា តាមទូរស័ព្ទ ជាមួយព្រះរាជ្ជទាយាទ អារ៉ាប៊ីសាអូឌីត លោក Mohammed bin Salman ក្រោយពេលប៉ុន្មានថ្ងៃ បន្ទាប់ពីសេតវិមាននិយាយថា ខ្លួននឹងចរចា ជាមួយស្តេច មិនមែនរាជ្ជទាយាទ របស់ទ្រង់នោះទេ ហើយមន្ត្រីអាមេរិក នឹងជួបសមភាគីរបស់ពួកគេ នៅអារ៉ាប៊ីសាអូឌីត។
ទីភ្នាក់ងារសារព័ត៌មាន SPA បានរាយការណ៍ថា ព្រះរាជ្ជទាយាទ ព្រះអង្គម្ចាស់ Mohammed ដែលក៏ជារដ្ឋមន្ត្រីការពារជាតិ អារ៉ាប៊ីសាអូឌីតផងនោះ បានធ្វើការពិនិត្យឡើងវិញ នូវចំណងមិត្តភាពទ្វេភាគី ជាមួយលោក Lloyd Austin ជាពិសេស ក្នុងសហប្រតិបត្តិការ ការពារជាតិ។
លោក Lloyd Austin បានធ្វើការបញ្ជាក់ជាថ្មី នូវសារៈសំខាន់នៃភាពជាដៃគូ ការពារជាតិយុទ្ធសាស្ត្រ រវាងប្រទេសទាំងពីរ និងបាននិយាយថា សហរដ្ឋអាមេរិកប្តេជ្ញា ជួយទីក្រុងរីយ៉ាដ ក្នុងកិច្ចការពារខ្លួនឯង ដោយថ្កោលទោស ចំពោះការវាយប្រហារធ្វើឡើង ដោយក្រុមឧទ្ទាមហូធី នៅយេម៉ែន ចូលទៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត។
តាមសេចក្តីរាយការណ៍ លោករដ្ឋមន្ត្រីការពារជាតិរូបនេះ បានមានប្រសាសន៍ថា “យើងបានពិភាក្សាគ្នាអំពីការបន្តការប្តេជ្ញា ចំពោះភាពជាដៃគូ សន្តិសុខអាមេរិក និងអារ៉ាប៊ីសាអូឌីត ហើយខ្ញុំកំពុងតែទន្ទឹងរង់ចាំ ធ្វើការងាររួមគ្នា ដើម្បីសម្រេចបាន សន្តិសុខនិងស្ថិរភាពក្នុងតំបន់”៕
ប្រែសម្រួល៖ប៉ាង កុង
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
