ព័ត៌មានជាតិ

សម្ដេច ទៀ បាញ់ បញ្ជាឲ្យយកវេជ្ជបណ្ឌិតម្នាក់ បង្រៀនទាហានមកធ្វើចត្តាឡីស័ក ក្រោយសង្ស័យឆ្លងជំងឺកូវីដ-១៩

ភ្នំពេញ ៖ សម្ដេច ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ បានចេញបទបញ្ជា ឲ្យយកវេជ្ជបណ្ឌិតម្នាក់ ដែលជាគ្រូបង្រៀន ដល់ទាហានមកធ្វើចត្តាឡីស័ក ជាបន្ទាន់ ក្រោយពីសង្ស័យឆ្លងជំងឺកូវីដ-១៩ ។

សំឡេង សម្ដេច ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ

តាមរយៈសារសំឡេង នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ សម្ដេច ទៀ បាញ់ បានថ្លែងឲ្យដឹងថា «មានបញ្ហាមួយដែលសំខាន់ជាងគេបំផុត ដោយសារវិជ្ជបណ្ឌិតម្នាក់ គាត់បើកគ្លីនិក ហើយគាត់ព្យាបាលអ្នកកើតកូវីដ-១៩ហ្នឹង ហើយឥឡូវមានបញ្ហាធំបំផុត ដែលគាត់ទៅបង្រៀនពេទ្យយើង ទាំងកាំភ្លើងធំផង មនុស្សផង សាលាបច្ចេកទេសផង ពេទ្យទៅរៀន ទាំងប៉ុន្មាន ត្រូវដាក់ចត្តាឡីស័កទាំងអស់ មុនបង្អស់យកវេជ្ជបណ្ឌិត ដែលបង្រៀនយកមកឃុំ ត្រួតពិនិត្យយកសំណាក់ ទៅពិនិត្យភ្លាមៗ» ។

សម្ដេចបន្ដថា «ប្រសិនបើគាត់ឆ្លងមែនទែន យើងកុនហើយ វេជ្ជបណ្ឌិតរបស់យើងទាំងអស់ គឺឥឡូវផ្អាកទាំងអស់ ធ្វើចត្តាឡីស័កទាំងអស់ នៅកន្លែងកាំភ្លើងធំ នៅវិទ្យាស្ថានតេជោ នៅកន្លែងមួយចំនួនទៀត ទាំងអស់នឹងគឺយកដាក់ចត្តាឡីស័កទាំងអស់»។

សម្ដេចបន្ដថា ការងារបន្ទាន់ត្រូវយកវេជ្ជបណ្ឌិតម្នាក់ ទៅធ្វើចត្តាឡីស័កជាមុនសិន ដើម្បីមានវិធានការបន្ដទៀត ហើយត្រូវធ្វើយ៉ាងត្រឹមត្រូវបំផុត។ សម្ដេចថា ត្រូវផ្អាកទាំងអស់កន្លែង ដែលវេជ្ជបណ្ឌិតទៅបង្រៀន ដោយឡែកកន្លែងផ្សេងៗទៀត មិនជាប់ពាក់ព័ន្ធ ត្រូវដំណើរការជាធម្មតា។

សូមរំលឹកថា កម្ពុជាបានផ្ទុះជំងឺកូវីដម្តងទៀត កាលពីថ្ងៃ២២ កុម្ភៈ កន្លងមកថ្មីៗនេះ ដោយត្រឹមរយៈពេលតែជាង១០ម៉ោងប៉ុណ្ណោះ នៅរាជធានីភ្នំពេញ បានរកឃើញ អ្នកឆ្លងជំងឺកូវីដ១៩រហូតដល់៣២នាក់ ។ នាថ្ងៃរកឃើញនោះ សម្តេចបានហៅថា ជាព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ។ ក្រោយមកក៏រកឃើញអ្នកឆ្លងច្រើននាក់ជាបន្តបន្ទាប់ ។

គិតត្រឹមថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១នេះ កម្ពុជារកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន៥៦៨នាក់ ក្នុងនោះ អ្នកជាសះស្បើយ ចំនួន៤៧៥នាក់ និងអ្នកជំងឺចំនួន៩៣នាក់ កំពុងសម្រាកនៅមន្ទីរពេទ្យ ៕

To Top