ភ្នំពេញ ៖ ដោយសារស្ថានភាព នៃការចម្លងក្នុងសហគមន៍ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ មានលក្ខណៈធំជាង និងសាំញ៉ាំជាង ព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា ក្រសួងអប់រំ យុវជន និងកីឡានៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១នេះ ស្នើគ្រឹះស្ថានសិក្សាសាធារណៈ និង ឯកជនទាំងអស់ រឹតបន្តឹងការអនុវត្តវិធានការ សុវត្ថិភាពសុខភាពសិក្សា និងអនុវត្តឲ្យបានម៉ឺងម៉ាត់បំផុត។
គ្រឹះស្ថានសិក្សាសាធារ ណៈ និងឯកជន ត្រូវអនុវត្តតាមអនុសាសន៍ណែនាំ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ៖
ទី១-អនុវត្តឱ្យបានយ៉ាងម៉ឺងមាត់នូវ គោលការណ៍ប្រតិបត្តិស្តង់ដា (SOP) សម្រាប់ដំណើរការគ្រឹះស្ថានសិក្សា ឡើងវិញក្នុងបរិបទនៃជំងឺកូវីដ-១៩ របស់ក្រសួងអប់រំ យុវជន និងកីឡាចុះថ្ងៃទី៤ ខែសីហា ឆ្នាំ២០២០។
ទី២-បុគ្គលិកអប់រំនិងសិស្សានុសិស្ស ត្រូវចៀសវាងទៅកាន់ទីកន្លែង ដែលមានហានិភ័យខ្ពស់ឆ្លងកូវីដ-១៩។
ទី៣-ផ្អាកការជួបជុំ និងសកម្មភាពកីឡា ដែលមានអ្នកចូលរួមលើសពី ២០ នាក់។
ទី៤-គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សា ត្រូវរាយការណ៍ជាបន្ទាន់ ទៅកាន់អាជ្ញាធរមានសមត្ថកិច្ច អំពីវត្តមាននៃ ការជួបប្រាស្រ័យទាក់ទងជាមួយបុគ្គល ដែលបានប៉ះពាល់ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ។
ទី៥-គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សា ត្រូវបូកសរុបរបាយការណ៍ ស្តីពីចំនួនបុគ្គលិកអប់រំ ដែលសង្ស័យថាមាន ទំនាក់ទំនងនឹងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ។
និងទី៦- បុគ្គលិកអប់រំ ដែលមានការប៉ះពាល់ ត្រូវរាយការណ៍ជាបន្ទាន់ ទៅអាជ្ញាធរអប់រំតាមឋានានុក្រម និងអនុវត្ត វិធានចត្តាឡីស័កឱ្យបានត្រឹមត្រូវបំផុត៕