ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១នេះ កងពលតូចលេខ៧០ បានរៀបចំ ចាក់វ៉ាក់សាំងការពារកូវីដ-១៩ នៅទីបញ្ជាការកងពល ដែលមានអង្គភាព ចំណុះបញ្ជាការដ្ឋានកងទ័ពជើងគោក ចំនួន៥ អង្គភាពមានដូចជា -កងពលតូចលេខ៧០ -យោធភូមិភាគ១ -យោធភូមិភាគ២ -បញ្ជាការដ្ឋានវិស្វកម្ម ក.ទ.គ -បញ្ជាការដ្ឋានការពារអាកាស ក.ទ.គ ។
សូមជំរាបថា ការចាក់វ៉ាក់សាំងនេះក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការប្រចាំការក្រសួងការពារជាតិ ឯកឧត្តម នាយឧត្តមសេនីយ៍ ស៊ុ សំណាង អគ្គនាយក អគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ នៃក្រសួងការពារជាតិ ឯកឧត្តម ឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការកងពលតូចលេខ៧០ និងមេបញ្ជាការនៅតាមបណ្តាអង្គភាពដែលពាក់ព័ន្ធដ៏ទៃទៀត។
សូមបញ្ជាក់ ថា ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការកងពលតូចលេខ៧០ បានដឹកនាំមេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ កងពលតូចលេខ៧០ ចាក់វ៉ាក់សាំងស៉ីណូហ្វាម ប្រឆាំងជំងឺកូវីដ-១៩ ដែលជាជំនួយរបស់រដ្ឋាភិបាលសាធារណៈរដ្ឋប្រជាមានិតចិន។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ បានមានប្រសាសន៍ទៅកាន់នាយទាហាន ពលទាហានទាំងអស់ថា ត្រូវជឿជាក់លើវ៉ាក់សាំងស៉ីណូហ្វាមនេះ ព្រោះទម្រាំផលិតបានវ៉ាក់សាំងមួយ គឺមានការគិតគូរ និងសិក្សាល្អិតល្អន់ជាទីបំផុត ដូច្នេះកុំមានការព្រួយបារម្ភនៅពេលចាក់ ដោយគ្រាន់តែអនុវត្តតាមការណែនាំរបស់គ្រូពេទ្យជំនាញឲ្យបានត្រឹមត្រូវ។
មួយវិញទៀត ត្រូវជឿជាក់លើការសម្រេចចិត្តដ៏ត្រឹមត្រូវ និងខ្ពង់ខ្ពស់បំផុតរបស់សម្ដេចតេជោ ហ៊ុន សែន ដែលទទួលយកវ៉ាក់សាំងស៉ីណូហ្វាមនេះ មកចាក់ជូនប្រជាពលរដ្ឋកម្ពុជាដោយឥតគិតថ្លៃ ពីសំណាក់សាធារណៈរដ្ឋប្រជាមានិតចិន។
វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ របស់ចិន ចំនួន៦០ម៉ឺនដូសនេះ ជាប្រភេទវ៉ាក់សាំងស៉ីណូហ្វាម ដែលផលិតដោយរដ្ឋាភិបាលចិន បានបញ្ជូនមកដល់ប្រទេសកម្ពុជា កាលពីរសៀលថ្ងៃទី៧ ខែកុម្ភៈ។ ក្រោយមកដល់ប្រទេសកម្ពុជា វ៉ាក់សាំងស៉ីណូហ្វាមទាំងនេះ បានត្រូវប្រគល់ជូនក្រសួងការពារជាតិចំនួន ៣០ម៉ឺនដូស និងប្រគល់ជូនក្រសួងសុខាភិបាលចាត់ចែងចំនួន ៣០ម៉ឺនដូស៕