ការដោះស្រាយវិវាទ គឺមានផ្លូវពីរសំខាន់ៗ គឺការដោះស្រាយតាមប្រព័ន្ធ យុត្តាធិការ (តុលាការ) និងម្យ៉ាងទៀត តាមរយៈសន្ធានការី ជួយផ្សះផ្សាសម្របសម្រួល ដែលតាមការដោះស្រាយ របៀបនេះ មិនមានជំទាស់អ្វី ជាមួយផ្លូវច្បាប់ទេ ហើយចំណេញទាំងលុយកាក់ និងពេលវេលា ជាពិសេសចំណេញបានមិត្តភាព និងភាពសុខសាន្តក្នុងសង្គម ។ និយាយរួម វិធីនៃការដោះស្រាយទាំងពីរនេះល្អ ទាំងអស់អាស្រ័យលើការជ្រើសរើស របស់អ្នកដែលមានវិវាទតែប៉ុណ្ណោះ ។
ដូចក្នុងករណីវិវាទរវាង លោក គឹម សាន និងភរិយា ជាមួយនឹងគូភាគីប្តីប្រពន្ធ យូ ធារ៉ា គឺដោយសារគូភាគីមានការហត់នឿយ ក្នុងការប្តឹងផ្តល់គ្នា តាមផ្លូវតុលាការ ដូច្នេះហើយទើបពួកគាត់ទាំង២ សម្រេចជ្រើសរើស យកដំណោះស្រាយ ក្រៅប្រព័ន្ធតុលាការ ដោយឈរលើគោលការណ៍ ឈ្នះឈ្នះសម្តេចតេជោ ដែលមានរូបខ្ញុំ ដួង តារា ជាអ្នកសម្របសម្រួល។ ជាលទ្ធផលគឺគូភាគីបានយល់ព្រម ដោយស្ម័គ្រចិត្តស្រុះស្រួលគ្នា បញ្ចប់វិវាទជាស្ថាពរទាំងស្រុង ដោយការពេញចិត្ត និងដោយមិនមានសម្ពាធអ្វីឡើយ ហើយក៏បានអង្គុយញាំបាយ ក្នុងភោជនីយដ្ឋាន ជាមួយគ្នាក្នុងលក្ខណៈមិត្តភាព ភាតរភាព ជាគ្រួសារឡើងវិញ ។ ខ្ញុំគិតថាលទ្ធផលវិជ្ជមាននេះ គឺនឹងផ្តល់នូវភាពសុខដុមរមនា ក្នុងសង្គមដែលមនុស្សគ្រប់ៗគ្នា ប្រាថ្នាចង់បាន ។
ដោយឡែកកន្លងមកករណីនេះ មានការចូលរួមជំនួយផ្នែកច្បាប់ ទៅតាមផ្លូវតុលាការ ក៏សុទ្ធតែជាសកម្មភាព គួរអោយកោតសរសើរផងដែរ គ្រាន់តែសំណុំរឿងនោះនៅមិនទាន់ បានបញ្ចប់ទាំងស្រុងព្រោះនីតិវិធីដោះស្រាយបណ្តឹងតាមផ្លូវតុលាការមានបែបបទ និងនីតិវិធីផ្លូវច្បាប់វែងឆ្ងាយ ហើយប្រើប្រាស់ពេលវេលាយូរផងដែរ ។
ដូច្នេះជាចុងក្រោយនេះ ភាគីទាំង២ ពិតជាមានការនឿយហត់យ៉ាងខ្លាំង ក្នុងការតតាំងក្តី ហើយក៏សម្រេចចិត្តមករកខ្ញុំអោយ ជួយសម្របសម្រួលដោះស្រាយវិវាទ របស់ពួកគាត់ក្រៅប្រព័ន្ធតុលាការ ឈរលើគោលការណ៍ឈ្នះឈ្នះ របស់សម្តេចតេជោ ហើយខ្ញុំក៏បានជួយដោះស្រាយបញ្ចប់វិវាទ ទាំងស្រុងកាលពីថ្ងៃទី ២០ កុម្ភះ ២០២១ កន្លងទៅនេះ។
ចំពោះលទ្ធផលដ៏ល្អប្រសើរនេះ ខ្ញុំសូមកោតសរសើរដោយស្មោះ ដល់មន្រ្តីពាក់ព័ន្ធគ្រប់ៗរូប ដែលបានចូលរួមចំណែកក្នុងការស្វះស្វែងរកយុត្តិធម៌ និងបញ្ចប់សំណុំរឿងនេះជាស្ថាពរ។
តើមានមូលហេតុអីបានជាបុគ្គលខ្លះ បែរជាមិនពេញចិត្តហើយទៅជាក្តៅក្រហាយ នឹងគូភាគីវិវាទខាងលើ ដែលពួកគាត់បានព្រមព្រៀង ឈប់ឈ្លោះគ្នាទៅហើយនោះ? ចំពោះរូបខ្ញុំគឺសូមស្វាគមន៍ និងអរគុណដល់កិច្ចខិតខំប្រឹងប្រែង ដោះស្រាយបញ្ចប់បញ្ហាវិវាទនានា ជូនប្រជាពលរដ្ឋ ទោះបីភាគីណាក៏ដោយ។ នេះជាដំណោះស្រាយឈ្នះឈ្នះ របស់សម្តេចតេជោ ដែលយើងគួររួមគ្នាដោះស្រាយ ដើម្បីជួយប្រជាពលរដ្ឋ របស់សម្តេចទាំងអស់គ្នា។
យើងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់និងស្នាមញញឹម នឹងសូមមានចិត្តអាណិតស្រឡាញ់ ពលរដ្ឋយើងគ្រប់ទីកន្លែង ដោយគ្មានការរើសអើង៕
(ហ្វេសប៊ុកផេក Duong Dara)