ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ បានព្រមានម្ចាស់កម្មវិធី និងម្ចាស់អាជីវកម្មដ្ឋាន ត្រូវប្រឈមមុខនឹងការបិទកម្មវិធី ឬអាជីវកម្មដ្ឋាន ព្រមទាំងត្រូវទទួលទោសទណ្ឌ បើល្មើសនឹងវិធានការការពារកូវីដ១៩ តាមការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល។
សូមបញ្ជាក់ថាមុនចេញសេចក្ដីព្រមាន នេះលោកោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅយប់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានបើកកិច្ចប្រជុំទាំងយប់ ជាមួយ អភិបាលរងរាជធានី មន្ទីរសុខាភិបាល មន្ទីរអប់រំ និងមន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីចាត់វិធានការនានា ក្នុងការ ទប់ស្កាត់ការរីករាលដាល ជំងឺ កូវីដ១៩ ក្នុងសហគមន៍ ព្រឹត្តិការណ៍២០កុម្ភៈ ។
យោងតាមសេចក្ដីណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ បានបញ្ជាក់ថា «ដើម្បីឈានទៅគ្រប់គ្រងបាន ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ រដ្ឋបាលរាជធានីភ្នំពេញ សូមធ្វើការណែនាំដល់បងប្អូនប្រជាពលរដ្ឋ ម្ចាស់កម្មវិធី ម្ចាស់អាជីវកម្មដ្ឋាន និងគ្រប់ភាគីពាក់ព័ន្ធ ត្រូវចូលរួមអនុវត្តឱ្យម៉ឺងម៉ាត់បំផុតនូវ “វិធានការគម្លាពសុវត្ថិភាពសង្គម និងគម្លាតសុវត្ថិភាពបុគ្គល”។
ក្នុងករណីនៅតែ មិនព្រមអនុវត្តតាមវិធានការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការរបស់ប្រមុខរាជរដ្ឋាភិបាល ម្ចាស់កម្មវិធី និងម្ចាស់អាជីវកម្មដ្ឋាន ត្រូវប្រឈមមុខនឹងការបិទកម្មវិធី ឬ អាជីវកម្មដ្ឋាន ព្រមទាំងត្រូវទទួលទោសទណ្ឌទៅតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន»។
ជាងនេះទៅទៀត រដ្ឋបាលរាជធានីភ្នំពេញ បានចាត់ឱ្យអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ក្នុងនាមគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ, រដ្ឋបាលសង្កាត់ និងមន្ទីរ-អង្គភាពជំនាញជុំវិញរដ្ឋបាលរាជធានីភ្នំពេញ ត្រូវចុះទៅត្រួតពិនិត្យទីតាំងប្រារព្ធកម្មវិធីជួបជុំទាំងអស់ ដើម្បីឱ្យម្ចាស់កម្មវិធី និងម្ចាស់អាជីវកម្មដ្ឋានអនុវត្តឱ្យខាងតែបាននូវរាល់វិធានការការពារទាំងអស់ខាងលើ ឱ្យមានប្រសិទ្ធភាព និងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។
សូមរំលឹកថា គិតត្រឹមថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១នេះ កម្ពុជារកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន៥៦៨នាក់ ក្នុងនោះ អ្នកជាសះស្បើយ ចំនួន៤៧៥នាក់ និងអ្នកជំងឺចំនួន៩៣នាក់ កំពុងសម្រាកនៅមន្ទីរពេទ្យ ៕