ព័ត៌មានជាតិ

លោក​ ស៊ុន​ ចាន់ថុល​ ណែនាំមន្ទីរសាធារណការ​ រាជធានី-ខេត្ត ត្រូវពិនិត្យឡើងវិញនូវនីតិវិធី លំហូរការងាររបស់ខ្លួន

ភ្នំពេញ​ ៖​ លោក​ ស៊ុន​ ចាន់ថុល​ ទេសរដ្ឋមន្រ្តី​ រដ្ឋមន្ដ្រី​ក្រសួងសាធារណការ​ និងដឹកជញ្ជូន​ បានណែនាំដល់មន្ទីរសាធារណការ និងដឹកជញ្ជូន​ រាជធានី-ខេត្ត ពិនិត្យឡើងវិញនូវនីតិវិធីលំហូរការងាររបស់ខ្លួន​ ដើម្បីតាមដានការងារដែលត្រូវធ្វើ ជាពិសេស កាត់បន្ថយលំហូរការងារស្មុគស្មាញ ។

ក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីរាជការ បុគ្គលិក និងកម្មករ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប នៅថ្ងៃទី​២២​ ខែកុម្ភៈ​ ឆ្នាំ​២០២១​ លោក​ ស៊ុន​ ចាន់ថុល​ បានឲ្យដឹងថា​ ក្រសួងកំពុងរៀបចំកម្មវិធីសិក្សាវគ្គបណ្ដុះបណ្ដាលខ្លីៗ ដើម្បីពង្រឹងសមត្ថភាពធនធានមនុស្សរបស់ក្រសួង ក៏ដូចជាមន្ទីរសាធារណការរាជធានី-ខេត្ត ឱ្យកាន់តែ មានជំនាញបច្ចេកទេសខ្ពស់ថែមទៀត ដើម្បីអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្តរបស់កម្ពុជាឱ្យកាន់តែមានការ រីកចម្រើនថែមទៀត។

លោកបញ្ជាក់យ៉ាងដូច្នេះថា​ «សូមណែនាំឱ្យមន្ត្រីក្រោមឱវាទក្រសួង ក៏ដូចជាមន្ទីរ សាធារណការ និងដឹកជញ្ជូនរាជធានី-ខេត្ត ពិនិត្យឡើងវិញនូវនីតិវិធីលំហូរការងាររបស់ខ្លួនឱ្យបាន គ្រប់ជ្រុងជ្រោយ ដើម្បីតាមដានការងារដែលត្រូវធ្វើ ការងារគួរធ្វើ ការងារមិនត្រូវធ្វើ កាត់បន្ថយលំហូរ ការងារស្មុគស្មាញ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការបំពេញការងាររបស់ខ្លួន»។

ឆ្លៀតឱកាសនោះ​ រដ្ឋមន្ត្រីសាធារណការ បានរំលឹកឡើងវិញអំពីប្រធានបទសន្និបាតបូកសរុប លទ្ធផលការងារឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២១ ដែលផ្ដោតជាសំខាន់ទៅលើការអនុវត្ត ការងារប្រកបដោយគុណភាពទាំងផ្នែករឹង និងផ្នែកទន់ និងបានណែនាំឱ្យមន្ត្រីក្រោមឱវាទកុំធ្វើអ្វីមួយឲ្យ រួចពីដៃ ត្រូវតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តការងារឱ្យបានត្រឹមត្រូវ ធ្វើឱ្យឆាប់ ធ្វើឱ្យបានលឿន ប្រកបដោយគុណភាពទាំងការផ្តល់សេវាសាធារណៈទាំងការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ដើម្បីឱ្យប្រជាពលរដ្ឋសប្បាយចិត្ត៕

To Top