ភ្នំពេញ ៖ ក្រសួងសុខាភិបាលបានឲ្យដឹងថា អ្នកកើតជំងឺកូវីដ-១៩ថ្មីចំនួន២នាក់ ក្នុងចំណោម២៥នាក់ដែលក្រសួងរកឃើញនាថ្ងៃ២២ ខែកុម្ភៈ ឆ្នាំ២០២១ មិនព្រមមកសម្រាកព្យាបាលនៅមន្ទីរពេទ្យ ។
បើតាមក្រសួង២នាក់នេះ គឺម្នាក់ទាក់ទងអត់បាន និងម្នាក់ទៀតលើកសម្អាងថា មានកូនតូចនៅជាមួយ ប៉ុន្តែទោះបីជាយ៉ាងណា អាជ្ញាធរមានសមត្ថកិច្ច និងមន្ដ្រីសុខាភិបាលកំពុងតែសម្របសម្រួលឲ្យបាននៅថ្ងៃ២៣ កុម្ភៈនេះហើយ។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃ២៣ កុម្ភៈបានលើកឡើងយ៉ាងដូច្នេះថា «អ្នកជំងឺខាងលើនេះ ១នាក់ មិនអាចទាក់ទងបាន និង១នាក់ទៀត មិនព្រមសម្រាកព្យាបាលនៅមន្ទីរពេទ្យ ដោយសម្អាងគាត់មានកូនតូចនៅជាមួយដែលអាជ្ញាធរមានសមត្ថកិច្ច និងមន្ដ្រីសុខាភិ បាល កំពុងតែសម្របសម្រួលនៅថ្ងៃនេះ»។
សូមបញ្ជាក់ថា កាលពីថ្ងៃ ២២ កុម្ភៈ ក្រសួងរកឃើញមានករណីវិជ្ជមានវិរុសកូវីដ-១៩ថ្មី ចំនួន២៥នាក់ ក្នុងនោះ ករណីវិជ្ជមានវិរុសកូវីដ-១៩ថ្មី ចំនួន២៣នាក់ ដែលជាអ្នកពាក់ព័ន្ធទៅនឹងព្រឹត្តិការណ៍សហគមន៍២០ កុម្ភៈ និង៣នាក់ជាករណីបំប្លែងជំងឺថ្មី។ គិតត្រឹមព្រឹកថ្ងៃ២៣ កុម្ភៈ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន៥៩៣នាក់ ក្នុងនោះ អ្នកជាសះស្បើយ ចំនួន៤៧៥នាក់ ដោយឡែកអ្នកកំពុងព្យាបាលជំងឺ ចំនួន១១៦នាក់៕






