ភ្នំពេញ ៖ លោក សយ សុភាពដែលជាអ្នកចូលចិត្តវិភាគ និងតាមដានស្ថានការណ៍នយោបាយនៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានលើកឡើងពីអតីតកាលរបស់អតីតមេបក្សប្រឆាំងនៅកម្ពុជាគឺលោក សម រង្ស៊ីថា ដើម្បីសងសឹកសម្តេចក្រុមព្រះកាលពីឆ្នាំ២០០៤ លោក សម រង្ស៊ី សុខចិត្តសរសេរលិខិតសុំទោសបុរសខ្លាំង សម្តេចតេជោ ហ៊ុន សែន នៅខែកុម្ភៈ ឆ្នាំ២០០៦ ហើយបបួលសម្តេចកែរដ្ឋធម្មនុញ្ញពី២ភាគ៣ ដើម្បីបង្កើតរដ្ឋាភិបាលមក៥០បូក១ ។
លោកថា នៅពេលរដ្ឋសភាកែមាត្រានៅក្នុងច្បាប់រដ្ឋធម្មនុញ្ញ គណបក្សហ្វ៊ុនស៊ិនប៉ិនចេញពីរដ្ឋាភិបាលចម្រុះមែន និងបានធ្វើឲ្យមន្ត្រីនៃគណបក្សនេះ រត់ប្រសាចស្ទើរតែរកខ្ទមជ្រកមិនបាន។ អ្នកខ្លះឆ្លាតមកសុំផ្ទះ សម្តេចតេជោរស់នៅ ហើយសុខរហូតដល់សព្វថ្ងៃ ឯខ្លះបត់អត់ទាន់ក៏ដេកខ្ទមទៅ ព្រោះលោក សម រង្ស៊ីបានដុតព្រះរាជតំណាក់ឆេះអស់ហើយ។ បន្ទាប់ លោក សម រង្ស៊ី ខ្លួនឯង មិនចោលគំនុំសងសឹកជួសឪពុកក៏ទៅពឹង ឬបំរើអ្នកឆ្ងាយដែលឪពុកធ្លាប់បំរើមកបំផ្លាញនគរខ្លួនឯងម្តងទៀត។ តែទីចុងបំផុតរត់ចោលស្រុកម្តងទៀត ក្រោមរូបភាពតំរិះជិះកឯង គឺរូបមន្ត៥០បូក១ បង្កើតរដ្ឋាភិបាល។
លោក សយ សុភាព បានបង្ហាញសំណេររបស់ខ្លួនក្នុងផេកហ្វេសប៊ុកទៀតថា បើតាមប្រវត្តិសាស្ត្រខ្មែរធ្លាប់ឆ្លងកាត់ លោក សម រង្ស៊ី និងត្រកូលអភ័យវង្ស ប៉ែន បែនមកដល់កដ្ឋាថនឈុំ គឺដូចគ្នា «ក្បត់»។ អភ័យវង្សប៉ែនក្បត់៦តំណ រហូតដល់អភ័យវង្សឃួងដែលជានាយករដ្ឋមន្ត្រីសៀមក្នុងបណ្តាឆ្នាំ១៩៤៧ ដោយចិញ្ចឹមក្រុមខ្មែរឥស្សរៈរបស់ ប៉ុក ឃុន ដើម្បីផ្តួលស្តេចខ្មែរ ក្រោមលេសតស៊ូដេញបារាំងសេស។
លោកបានឲ្យដឹងទៀតថា ដូច្នេះព្រឹត្តិការណ៍ដែលបាននិងកំពុងកើតឡើងចំពោះអតីតបក្សប្រឆាំងគឺ លោក សម រង្ស៊ី តែម្តងជាអ្នកបំផ្លាញ។ ដើម្បីឲ្យអ្វីៗរស់តទៅទៀតដូចដែលក្រុមអស់លោកឲ្យគោរពកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ អស់លោកដែលរងគ្រោះពីនយោបាយសងសឹកគួរពិចារណាបង្កើតបក្សថ្មី ដើម្បីប្រកួតជាមួយបក្សរបស់បុរសខ្លាំង សម្តេច ហ៊ុន សែន ។
ដូចចំណុចរៀបរាប់ខាងលើនេះហើយ ទើបលោក សយ សុភាពបានហៅលោក សម រង្ស៊ីថា ជាអ្នកសម្លាប់ប្រជាធិបតេយ្យសេរីពហុបក្ស និងសិទ្ធិសេរីភាព ៕