ភ្នំពេញ ៖ លោក សយ សុភាព នៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានបន្តវិភាគនិងការបរិយាយ អំពីនយោបាយ ដោយបានលើកឡើង ពីជនបរទេសម្នាក់ ដែលជាប្រធានអង្គការមាតាធម្មជាតិ តាមរយៈរូបភាពមកជួយកម្ពុជា ក្នុងការអភិរក្សធនធានធម្មជាតិ តែការពិតមកបំផ្លាញខ្មែរទៅវិញ ។
លោក អាឡិចហាន់ដ្រូ ហ្កាន់សាឡេស ដេវិតសុន (Alejandro Gonzales Davidson) ជាជនជាតិអេស្បាញ ដែលជាស្ថាបនិក អង្គការមាតាធម្មជាតិ មានមូលដ្ឋាននៅខេត្តកោះកុង ។លោកត្រូវបានគេដឹងថា និយាយនិងសរសេរអក្សរខ្មែរ ឡើងច្បាស់។ លោកត្រូវបានបណ្តេញចេញ ពីកម្ពុជាកាលពីអំឡុង ឆ្នាំ២០១៥។
លោក សយ សុភាព បានលើកឡើងពី អាឡិច ប្រៀបធៀបជាមួយ ប្រវត្តិរបស់ប្រទេសសៀមថា ប្រវត្តិសាស្ត្រសៀម វៃស្តេចខ្មែរ បែកបាក់រាជធានីលង្វែក។ ស្តេចខ្មែរ ទៅពឹងអេស្បាញនៅហ្វីលីពីន ក្រោយមកដាក់អាណានិគម នៅឆ្នាំ១៥៥០ ឲ្យមកជួយដោយសុខចិត្តដូរពីសាសនាព្រះពុទ្ធ ទៅប្រតិបត្តិសាសនាគ្រឹស្តវិញ ឲ្យតែជួយខ្មែរកុំឲ្យសៀម វៃបែកលង្វែក។ តែអ្វីៗយឺតពេលសៀមកាន់ កាប់លង្វែក ចន្លោះឆ្នាំ១៥៩៥ ។
លោកថា ពេលនេះខ្មែរអត់បានហៅ អេស្បាញ មកជួយវៃអ្នកណាទេ បើឲ្យមិត្តមកជួយកសាងប្រទេសមានមែន។ ចុះម្នាក់នេះ(អាឡិចហាន់ដ្រូ ហ្កាន់សាឡេស ដេវិតសុន) ស្រលាញ់ខ្មែរជាងខ្មែរម្ល៉េះ? គេបានដុតខ្មែរឲ្យឆេះនៅកោះកុង ក្រោមរូបភាពការពារព្រៃឈើ បរិស្ថានអភិរក្សសត្វក្រពើភ្នំ ។ល។
លោក សយ សុភាព អះអាងបន្តថា តែធាតុពិតគេ រារាំងផ្លូវរបស់ចិន មកអភិវឌ្ឍន៍(ប្រ៊ី)ទេ។ នៅឆ្នាំ១៩៩៥ ក្រុមហ៊ុនជប៉ុនធ្លាប់បានសិក្សាកសាងទំនប់វារីអគ្គសនី នៅអារ៉ែង១១៧ មេហ្គាវ៉ាត់ ចំណាយ៣០០លានដុល្លារ។ ក្រោយមកយកលេសថា រដ្ឋាភិបាលជប៉ុន មិនឲ្យខ្ចីទើបគម្រោងនេះ ខ្មែររកដៃគូផ្សេងមកកសាង ទំនប់វារីអគ្គិសនីម្តងវិញ។
ក្នុងនយោបាយប្រ៊ីកោះកុង ត្រូវកសាងវារីអគ្គិសនី ផ្លូវកំពង់ផែតំបន់ទេសចរណ៍។ល។ គេស្រែកថាប៉ះពាល់បរិស្ថាន ។ ក្រៅពីនោះ កោះកុងមានរ៉ែច្រើនណាស់ គេថា យកមិនបានទេ ប៉ះពាល់បរិស្ថាន ។ តែធាតុពិតគេបំរើឲ្យនយោបាយ ឥណ្ឌូប៉ាស៊ីហ្វិកសោះ ។
បើតាមលោក សយ សុភាព ដដែល ដូច្នេះបរទេសម្នាក់នេះ ធ្វើដូចស្រលាញ់ខ្មែរជាងខ្មែរ ចេះនិយាយសរសេរខ្មែរជាងខ្មែរ តែធាតុពិតបោកខ្មែរប្រឆាំងការអភិវឌ្ឍរបស់ចិនសោះ។
ជាមួយគ្នានេះ លោក សយ សុភាព ក៏បានលើកពីរូបភាព លោកអាឡិចលើកម្រាមដៃថា ឥឡូវលើកម្រាមដៃ៣ញួសឲ្យខ្មែរ ឈ្លោះគ្នាទៀត។
សូមពិចារណាកុំឲ្យបរទេស មកដុតស្រុកខ្មែរតទៅទៀត។ ពួកនេះ ខាងឥណ្ឌូប៉ាស៊ីហ្វិក តាមកំទេចប្រ៊ីដឹកនាំដោយចិន។ ខ្មែរជាស្ថាបនិកប្រ៊ី៕