ព័ត៌មានជាតិ

សម្ដេចតេជោ ឲ្យដកបទបញ្ជាដែលមិនឲ្យពលរដ្ឋខ្មែរ ដឹកកសិផលទៅលក់នៅថៃ

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ឲ្យក្រសួងមហាផ្ទៃ និងអគ្គនាយកដ្ឋានអន្ដោសប្រវេសន៍ ដកបទបញ្ជាចេញ រឿងមិនឲ្យប្រជាពលរដ្ឋខ្មែរ ដឹកកសិផលទៅលក់នៅប្រទេសថៃ ហើយអាជ្ញាធរខេត្តត្រូវសម្រប សម្រួលការរកស៊ីរបស់ប្រជាពលរដ្ឋ ជាមួយប្រទេសជិតខាងឡើងវិញ។

សម្តេចតេជោបានលើកឡើងបែបនេះ ក្រោយអគ្គនាយកដ្ឋានអន្ដោសប្រវេសន៍ ដាក់បទបញ្ជាមិនឲ្យពលរដ្ឋដឹកទំនិញ ទៅលក់នៅថៃ ដោយចាប់អនុវត្តពី២៥ កុម្ភៈ ស្អែកនេះទៅ។

តាមរយៈសារសំឡេងពិសេស នៅរសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១សម្ដេចតេជោបានថ្លែងថា អភិបា លរាជធានី-ខេត្ត ជាពិសេសនៅតាមតំបន់ព្រំដែនកម្ពុជា-ថៃ កម្ពុជា-វៀតណាម និងកម្ពុជា-ឡាវ ក៏ដូចជា ស្ថាប័នពាក់ព័ន្ធ ត្រូវធ្វើការពង្រឹងការនាំចេញ-ចូល និងការធ្វើចត្តាឡីស័ក ដើម្បីចៀងវាងការហូរចូល នៃជំងឺកូវីដ-១៩មកកម្ពុជា មិនមែនជាការបិទទេ។

សម្ដេចតេជោ មានប្រសាសន៍ថា «ចំពោះការដឹកទំនិញរកស៊ីជាមួយ (ជាមួយប្រទេសជិត) នៅតែបន្ដធ្វើជាធម្មតា ។ សូមស្ដាប់ខ្ញុំឲ្យបានច្បាស់លើរឿងនេះ ខ្ញុំទើបបានទទួលដំណឹងថា អគ្គនាយកដ្ឋានអន្ដោសប្រវេសន៍ ដាក់ចេញបទបញ្ជា តាមខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ជាពិសេសតំបន់ច្រកប៉ៃលិនថា មិនឲ្យបងប្អូនខ្មែរយើង ដឹកកសិផលដឹកទៅព្រំដែនថៃ ដូចពេលមុនទៀតទេ ដោយចាប់អនុវត្តពីថ្ងៃស្អែក (ថ្ងៃទី២៥ កុម្ភៈ)»។

សម្ដេចតេជោបន្ដថា «បើសិនយ៉ាងដូច្នេះ ខ្ញុំសូមឲ្យក្រសួងមហាផ្ទៃ សម្ដេចក្រឡាហោម ស ខេង ក៏ដូចជា អគ្គនាយកដ្ឋានអន្ដោសប្រវេសន៍ ដកនូវបញ្ជានេះចេញវិញ ដើម្បីសម្រួលឲ្យប្រជាជន នៅតាមព្រំដែនរកស៊ីធម្មតា ហើយមិនត្រឹមតែរកស៊ីធម្មតាទេ…។ ដោយខែនេះជាខែប្រមូលផល ត្រូវខិតខំឲ្យប្រជាជន អាចនាំចេញទៅបានកាន់តែច្រើនកាន់តែល្អ។ មិនអាចខាងថៃ ដឹកទំនិញចូលក្នុងប្រទេសយើងបាន បែរជាហាមឃាត់ប្រជាពលរដ្ឋខ្មែររបស់យើង មិនឲ្យដឹងទំនិញចេញទៅប្រទេសថៃ ជាមួយវៀតណាម ក៏ដូចជាគ្នាដែរ ខ្ញុំសូមបញ្ជាក់ឡើងវិញ អ្វីដែលជាគោលបំណងរបស់យើង គ្រប់គ្រងប្រជាពលរដ្ឋ ដើម្បីការធ្វើចត្តាឡីស័ក ក៏ប៉ុន្ដែការធ្វើពាណិជ្ជកម្ម តាមព្រំដែននៅតែធ្វើធម្មតា»។

ជាងនេះទៅទៀត សម្ដេចតេជោ ហ៊ុន សែន ក៏បានផ្ដាំផ្ញើ ទៅដល់អាជ្ញាធរខេត្តជាប់ព្រំដែនទាំងអស់ ត្រូវមានការទទួលខុសត្រូវ ដើម្បីចាត់វិធានការ និងធ្វើយ៉ាងណាឲ្យប្រជាជននៅតែអាចបន្ដរកស៊ី ជាមួយប្រទេសជិតខាង បានដោយងាយស្រួល ដោយមានការជួយសម្រួលពីអាជ្ញាធរ នៅតាមព្រំដែនទាំងអស់។ សម្ដេចថា «កូវីដ-១៩ បានបំផ្លាញយើងហើយ មិនអាចបំផ្លាញខាងផ្នែកសេដ្ឋកិច្ចឡើយ»។

សម្ដេចតេជោ ក៏បានស្នើសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បញ្ជាក់ពីអត្តសញ្ញាណ អគ្គនាយកដ្ឋានអន្ដោសប្រវេសន៍មួយ ដែលបានចេញបញ្ជាបែបនេះ ហើយចេញទៅកាន់កន្លែងណាខ្លះ? សម្តេចថា ដូច្នេះសុំឲ្យដកថយវិញ ព្រោះទំនិញអត់មានជំងឺកូវីដ១៩ នៅក្នុងទំនិញឡើយ។ សម្ដេចថា បញ្ហាយ៉ាងសំខាន់នោះ គឺពង្រឹងការធ្វើចត្តាឡីស័ក នៅតាមព្រំដែនឲ្យ បានត្រឹមត្រូវបំផុត ប៉ុន្ដែត្រូវធ្វើយ៉ាងណា បង្កលក្ខណៈសម្បត្តិ ឲ្យប្រជាពលរដ្ឋខ្មែរ នៅព្រំដែនទទួលបានការរកស៊ី ។

សម្ដេចតេជោរៀបរាប់ទៀតថា ទីផ្សារកម្ពុជាត្រូវពឹងពាក់ ទីផ្សារប្រទេសជិតយ៉ាងច្រើន ហើយការចេញបទបញ្ជាណាមួយនៅ តាមតំបន់ព្រំដែន ត្រូវរាយការណ៍ជូនសម្ដេចឲ្យបានដឹងផង ព្រោះសម្ដេចទទួលខុសត្រូវ ទៅលើបញ្ហាកិច្ចការនយោបាយក្នុងប្រទេស និងនយោបាយក្រៅប្រទេស។

សម្ដេចតេជោ បញ្ជាក់យ៉ាងដូច្នេះថា «ការចេញបទបញ្ជាណាមួយ ទាក់ទងនឹងព្រំដែន សូមឲ្យខ្ញុំបានដឹងផង សូមមេត្តាឲ្យខ្ញុំបានដឹងផង ខ្ញុំទទួលខុសត្រូវ ទៅលើបញ្ហាកិច្ចការនយោបាយក្នុងប្រទេស និងនយោបាយក្រៅប្រទេស។ កន្លងទៅ យើងក៏មានឆកល្វែងដែរ មានការចេញបទបញ្ជា ទប់ស្កាត់មិនឲ្យនាំចូលត្រី ពីខាងក្រៅដែលអាចថា ខុសនឹងបទដ្ឋាន នៃអង្គការពាណិជ្ជកម្មពិភពលោក និងតំបន់ពាណិជ្ជកម្មសេរីអាស៊ាន ដូច្នេះយើងបានធ្វើការកែតម្រូវ ខាងក្រសួងកសិកម្ម ជាមួយនឹងការហាមឃាត់ នាំត្រីចូលពីខាងវៀតណាម»។

ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានទទូចឲ្យខេត្តជាប់ព្រំដែន ត្រូវមានការទទួលខុសត្រូវ ចំពោះការងាររបស់ខ្លួន ជាពិសេសនោះ ត្រូវរាយការណ៍ជូនសម្ដេចឲ្យត្រង់ៗតែម្ដង ប្រសិនបើមានបញ្ហាទាក់ទិនជាមួយការ រអាកអួល ទៅលើបញ្ហាពាណិជ្ជកម្ម នៅតាមព្រំដែន៕

To Top