ព័ត៌មានជាតិ

កម្ពុជា បណ្ដេញជនជាតិចិន ក្រោយផ្សាយបំភ្លៃរឿង កម្ពុជា លក់វ៉ាក់សាំងកូវីដ១៩

ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃបានសម្រេចបណ្តេញជនជាតិចិន ឈ្មោះ Shen Kaidog នាយកសារព័ត៌មាន Angkor Today ចេញពីកម្ពុជា ក្រោយផ្សព្វផ្សាយបំភ្លៃការពិតរឿងកម្ពុជាលក់វ៉ាក់សាំងកូវីដ១៩ ក្នុងតម្លៃ១២០ដុល្លារ ។

ថ្មីៗនេះ សារព័ត៌មានឈ្មោះ Angkor Times បានផ្សព្វផ្សាយតាមបណ្តាញ We chat ដោយប្រើប្រាស់ចំណងជើងថា «កម្ពុជាបានយកវ៉ាក់សាំងកូវីដ១៩ ដែលជាជំនួយរបស់ប្រទេសចិន មកលក់ក្នុងតម្លៃថ្លៃ គឺ១២០ដុល្លារ»

យោងតាមសេចក្ដីសម្រេច របស់ក្រសួងមហាផ្ទៃនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ បានឲ្យដឹងថា «សម្រេចបណ្ដេញចេញពីព្រះ រាជាណាចក្រកម្ពុជា ចំពោះជនបរទេសឈ្មោះ Shen Kaidog ភេទប្រុស ជានជាតិចិនសញ្ជាតិចិន កើតថ្ងៃទី២២ ខែធ្នូ ឆ្នាំ១៩៦៩ លិខិតឆ្លងដែនលេខ E99812704 ពាក់ព័ន្ធបទល្មើសប្រព្រឹត្តនៅព្រះរាជាណាចក្រកម្ពុជា ទៅប្រទេសដើមវិញ និងហាមឃាត់ចូលព្រះរាជាណាចក្រកម្ពុជាជាថ្មី»។

ជាមួយគ្នានេះដែរ ក្រសួងព័ត៌មានក៏បានចេញប្រកាស ដោយសម្រេចលុបចោល អាជា្ញបណ្ណ ការបើកអាជីវកម្មរបស់កាសែតAngkor Today ក្រោយពីបានផ្សព្វផ្សាយ ព័ត៌មានបំភ្លៃការពិតមានចេតនាទុច្ចរិត ធ្វើឲ្យអន្តរាយដល់សុខភាពសាធារណៈ បង្កភាពច្របូកច្របល់ ចលាចលនៅក្នុងសង្គម ដែលអាចធ្វើឲ្យប៉ះពាល់ដល់សន្តិសុខជាតិ និងប៉ះពាល់ដល់កិត្យានុភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលជាការបំពានយ៉ាងធ្ងន់ធ្ងរលើវិជ្ជាជីវៈ និងកិច្ចសន្យាដែលសាមីខ្លួនបានតម្កល់ទុកនៅក្រសួងព័ត៌មាន៕

To Top