កំពង់ចាម៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ ២០២១នេះ បានដឹកនាំក្រុមការងារ មន្ត្រីជំនាញពាក់ព័ន្ធចុះពិនិត្យ ការបង្កើតវារីប្បកម្ម របស់ក្រុមហ៊ុន ផារ័ត្ន វឌ្ឍនៈ ចាប់ដៃគូជាមួយសហគមន៍ទំនប់ចក បឹងធំ ស្ថិតក្នុងភូមិទួលព្រិច ឃុំមាន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។
ប្រធានក្រុមហ៊ុន ផារ័ត្ន វឌ្ឍនៈ លោកឧកញ៉ា ពាង ផារ័ត្ន បានប្រាប់ឲ្យដឹងថា គម្រោងវ៉ារីវប្បកម្មនេះ នឹងត្រូវរៀបចំធ្វើឡើង លើផ្ទៃដីប្រមាណជា ២ ហិកតា គ្រោងថវិកាចំណាយ ប្រមាណជា ជាង ១ លានដុល្លារអាមេរិក ។
លោកប្រធានក្រុមហ៊ុន បានឲ្យដឹងទៀតថា ការបង្កើតវ៉ារីវប្បកម្មនេះ ខាងក្រុមហ៊ុន មានចក្ខុវិស័យ អភិវឌ្ឍផ្នែកមួយនៃបឹងធំ ឱ្យក្លាយជាតំបន់ពហុវិស័យ រួមមានតំបន់វ៉ារីវប្បកម្ម និងទេសចរណ៍ ។ ជួយលើកកម្ពស់ និងពង្រីកការយល់ដឹង ផ្នែកវ៉ារីវប្បកម្ម សម្រាប់ប្រជាជនក្នុងតំបន់ ។ បង្កើតជាមជ្ឈមណ្ឌលពិសោធន៍ស្រាវជ្រាវជីវៈមច្ឆា និងផលិតកូនត្រីពូជ។ អភិរក្សនិងការបង្កើន ការចិញ្ចឹមមច្ឆាជាតិ និងចូលរួមចំណែកក្នុងការអភិវឌ្ឍ ទៅតាមផែនការយុទ្ធសាស្ត្រ អភិវឌ្ឍវ៉ារីវប្បកម្មរបស់រដ្ឋាភិបាលផងដែរ។
លោកឧកញ៉ា ពាង ផារ័ត្ន បានរំពឹងទុកថា ការអភិវឌ្ឍន៍នៃទំនប់ចកបឹងធំនេះ នឹង អាចផ្តល់ការលើកកម្ពស់ សក្តានុពលូសេដ្ឋកិច្ច ក្នុងស្រុកព្រៃឈរ ក៏ដូចជាខេត្តកំពង់ចាម ។ ម្យ៉ាងទៀត និងជួយរួមចំណែក ជាមួយគម្រោង របស់ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទក្នុងឆ្នាំ២០២៤ កម្ពុជានិងអាចផ្គត់ផ្គង់ផលជលផល តាមរយៈការធ្វើវារីវប្បកម្ម ៧៤០,០០០តោន នឹងក្លាយជាភ្នាក់ងារ សហការយ៉ាងជិតស្និទ្ធរបស់ ខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ចាម ក្នុងការកាត់បន្ថយបទល្មើសនេសាទ និងការបំពុលបរិស្ថាននៃតំបន់បឹងធំ តាមរយៈការចែករំលែក ផលប្រយោជន៍ដល់ប្រជាកសិករ ក្នុងសហគមន៍ដោយផ្លាស់ ប្តូរពីការនេសាទខុសច្បាប់ នារដូរត្រីពងកូន ទៅជាការធ្វើវារីវប្បកម្ម បង្កើតជាទីផ្សារសម្រាប់ប្រជាកសិករ ដោយប្រមូលទិញនូវផលិតផល ដែលពួកគាត់ សម្រេចបានក្នុងតម្លៃទីផ្សារ៕