ភ្នំពេញ ៖ គិតត្រឹមថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ មកដល់ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១ រាជរដ្ឋាភិបាលកម្ពុជាចំណាយថវិការដ្ឋ ចំនួន៩២២,៣១៥,៨៤៤,០០០រៀល ស្មើនឹង២៣០.៥៨លានដុល្លារ សម្រាប់ឧបត្ថម្ភសាច់ប្រាក់ជូនប្រជាជនក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងកូវីដ-១៩ ។
យោងតាមសេចក្ដីជូនដំណឹងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ បានឲ្យដឹងថា ចំនួនគ្រួសារក្រីក្រ ទាំងក្រ១ និងក្រ២ ទទួលបានការឧបត្ថម្ភចំនួន៦៨៨,៥៣៩គ្រួសារ។
ក្រសួងបញ្ជាក់យ៉ាងដូច្នេះថា «រាជរដ្ឋាភិបាលបានផ្ដល់ការអន្ដរាគមន៍ក្នុងការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនប្រជាជនក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងកូវីដ-១៩ ចាប់ពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ ដល់ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១ បានចំណាយថវិការដ្ឋចំនួន ៩២២,៣១៥,៨៤៤,០០០រៀល ស្មើនឹង២៣០.៥៨លាន ដុល្លារ»។
ព្រមជាមួយគ្នានេះ រាជរដ្ឋាភិបាលកម្ពុជា ក៏បានបន្ដបើកប្រាក់ឧបត្ថម្ភសាច់ប្រាក់ជូនប្រជាជនក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងកូវីដ-១៩ ជុំទី៤ លើកទី២ ចាប់ពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ រហូតដល់ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ ដែលមានរយៈពេល៣០ថ្ងៃ។
សូមរំលឹកថា កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការនូវកម្មវិធី ឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩៕