ភ្នំពេញ ៖ ដើម្បីជំរុញឲ្យការព្យាបាល ដំណើរការទៅដោយរលូន មានសណ្ដាប់ធ្នាប់ របៀបរៀបរយល្អ នៅព្រឹកថ្ងៃទី២៥ខែកុម្ភៈ ឆ្នាំ២០២១នេះ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ រួមជាមួយតំណាងស្ថានទូតចិន និងក្រុមការងារពាក់ព័ន្ធ នឹងការបង្ការទប់ស្កាត់ជម្ងឺកូវីដ-១៩ បានដឹកនាំកម្លាំង ចុះពិនិត្យជាក់ស្ដែងនៅទីបញ្ជាការស្រាលមួយកន្លែង នៅក្នុងមន្ទីរពេទ្យរុស្ស៊ី ក្នុងការរៀបចំសណ្ដាប់ធ្នាប់ របៀបរៀបរយល្អ ។
ក្នុងឱកាសនោះលោក ឃួង ស្រេង បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជារដ្ឋបាលរាជធានីភ្នំពេញ បានយកចិត្តទុកដាក់ខ្លាំងក្នុងការទប់ស្កាត់ការបង្ការនូវជំងឺកូវីដ-១៩ ក្រោយបានរកឃើញថា មានវិជ្ជមានកូវីដ-១៩ហើយនោះ បានយកពួកគាត់ ទៅដាក់តាមមន្ទីរពេទ្យនានា ដែលបានរៀបចំទុកនិងបានយកចិត្តទុកដាក់ ក្នុងការព្យាបាលដោយមិនគិត អ្នកជំងឺទាំងនោះ ជាជនជាតិបរទេស ជនជាតិខ្មែរនោះទេ ហើយការព្យាបាល មិនត្រូវឲ្យមានការ បង់ប្រាក់។
លោក ឃួង ស្រេង ក៏បានឲ្យអ្នកជំងឺទាំងអស់ សហការជាមួយគ្រូពេទ្យ និងក្រុមការងារដោយរក្សាសណ្តាប់ធ្នាប់ របៀបរៀបរយឲ្យបានល្អ គោរពទៅតាមបទបញ្ជាណែនាំរបស់គ្រូពេទ្យ។
បន្ថែមពីនេះលោកឃួង ស្រេងក៏បានថ្លែងនូវការអរគុណផងដែរ ចំពោះស្ថានទូតចិន ដែលបានសហការបានយ៉ាងល្អ ជុំវិញការស្រាវជ្រាវការផ្ដល់ព័ត៌មាន ជុំវិញជនជាតិចិនដែលសង្ស័យមានផ្ទុកកូវីដ-១៩ ។
ពាក់ព័ន្ធបញ្ហានេះលោក ងី ម៉េង ប្រធានមន្ទីរពេទ្យរុស្ស៊ី បានឲ្យដឹងថា បច្ចុប្បន្នមន្ទីរពេទ្យរុស្ស៊ី បាននឹងកំពុងព្យាបាលអ្នកជំងឺកូវីដ-១៩ ចំនួន៤២នាក់ ដែលមានទាំងមន្ត្រីស្ថានទូតចិន ជនជាតិចិន មន្ត្រីស្ថានទូតជប៉ុននិងប្រជាពលរដ្ឋកម្ពុជាផងដែរ ។ ពួកគេទាំងនេះទទួលបានព្យាបាល ដោយការយកចិត្តទុកដាក់ ពីសំណាក់លោកគ្រូ អ្នកគ្រូនៅមន្ទីរពេទ្យរុស្ស៊ី។
ដោយឡែកលោកទូតចិនវិញ ក៏បានអរគុណរាជរដ្ឋាភិបាលកម្ពុជា និងអាជ្ញាធររាជធានីភ្នំពេញដែលបានយកចិត្តទុកដាក់ចំពោះជនជាតិចិន មានផ្ទុកជំងឺកូវីដ-១៩ ស្នាក់នៅកម្ពុជា៕