ភ្នំពេញ ៖ ធនាគារជាតិនៃកម្ពុជា បានក្រើនរំលឹកដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ឲ្យអនុវត្តវិធានការសុខាភិបាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ។
យោងតាមសេចក្ដីណែនាំរបស់ ធនាគារជាតិនៃកម្ពុជា នាពេលថ្មីៗនេះ បានឲ្យដឹងថា ដោយពិនិត្យឃើញសភាពការ វិវត្តន៍ថ្មីៗ ពាក់ព័ន្ធនឹងការរីករាលដាលនៃជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ និងដើម្បីធានាការផ្ដល់ សេវាហិរញ្ញវត្ថុ ជូនដល់អតិថិជនប្រកបដោយសុវត្ថិភាព និងនិរន្ដភាព ធនាគារជាតិនៃកម្ពុជា បានក្រើនរំលឹកដល់គ្រប់ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ អនុវត្តវិធានការសុខាភិបាល ៖ គឺ«៣ការពារ និង៣កុំ»។ បន្ដអនុវត្តឲ្យបានម៉ឺងម៉ាត់ និងរឹតបន្ដឹងតាមវិធានការនានា របស់ក្រសួងសុខាភិបាល ក្នុងការការពារជំងឺកូវីដ១៩។ និងតម្រូវឲ្យបុគ្គលិកទាំងអស់ បន្ដពាក់ម៉ាស់ និងរបាំងសុវត្ថិភាពការពារ ជាប់ជាប្រចាំ៕

