ភ្នំពេញ ៖ គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) បានស្វាគមន៍ ចំពោះការចូលរួម របស់អង្គការខុមហ្វ្រែល (COMFREL) ដែលបានចេញនូវរបាយការណ៍ស្ដីពី «សវនកម្មបញ្ជីបោះឆ្នោត ឆ្នាំ២០២០» ហើយបានឃើញថា «បញ្ជី បោះឆ្នោតផ្លូវការ ឆ្នាំ២០២០ មានគុណភាព អាចទទួលយកបាន»។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ គ.ជ.ប នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ បាន ឱ្យ ដឹង ថា លើសពីនេះ COMFREL បានរកឃើញថា ៩៨.៤៥% នៃអ្នកបោះឆ្នោតពិតជាមានវត្តមាន នៅទីតាំងដូចគ្នានឹងទីតាំង ក្នុងបញ្ជីបោះឆ្នោត គឺជាសូចនាករ ដែលវាស់ឲ្យឃើញអំពីគុណភាព នៃបញ្ជីបោះឆ្នោតរបស់ គ.ជ.ប ។
គ.ជ.ប ថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ ចំពោះលទ្ធផល នៃការស្រាវជ្រាវ របស់ COMFRELL និងចាត់ទុកលទ្ធផល នេះ គឺជាធាតុចូលសំខាន់មួយរួមចំណែក ក្នុងការកែលម្អបញ្ជីបោះឆ្នោត របស់ គ.ជ. ប។
ម្យ៉ាងទៀតករណីដែល COMFREL ស្នើសុំ គ.ជ.ប ឲ្យជជែកជាមួយស្ថាប័នរដ្ឋសភា ដើម្បីធ្វើ វិសោធនកម្មច្បាប់ បោះឆ្នោត គ.ជ. ប ក៏ធ្លាប់បានបំភ្លឺរួចមកហើយដែរថា កិច្ចការទាំងនេះ ពុំមែនជាសមត្ថកិច្ច របស់ គ.ជ.ប ទេ ព្រោះ គ.ជ.ប គឺជាស្ថាប័នអនុវត្តច្បាប់ និងបច្ចេកទេសសុទ្ធសាធ ។ យ៉ាងណាក៏ដោយ រាល់សំណើ សំណូមពរ ក្នុងនោះក៏មានសំណើនេះដែរ ដែលបានលើកឡើងក្នុងសន្និបាតបូកសរុបការងារ បោះឆ្នោត គ .ជ ប តែងតែកត់ត្រាក្នុងរបាយការណ៍ និងផ្ញើជូនគ្រប់ភាគីពាក់ព័ន្ធមាន រដ្ឋសភា ព្រឹទ្ធសភា . ក្រសួងមហាផ្ទៃ ជាដើម ។
ទន្ទឹមគ្នានេះដែរ គ.ជ.ប ក៏បានសង្កេតឃើញថា ភាគីពាក់ព័ន្ធនឹងការបោះឆ្នោតមួយចំនួន នៅតែមិនទាន់ជ្រាបច្បាស់អំពី គោលបំណង នៃគម្រោងរៀបចំការបោះឆ្នោតសាកល្បង នៅឆ្នាំ២០២១ ៕