ព័ត៌មានជាតិ

កម្ពុជា-ហ្វីលីពីន ប្តេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យការងារ ទាំងក្នុងក្របខណ្ឌទ្វេភាគី និងអាស៊ាន

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការងារនិងបណ្ដុះបណ្ដាល វិជ្ជាជីវៈ ជាមួយរដ្ឋាភិបាលហ្វីលីពីន តាមរយៈស្ថានឯកអគ្គរដ្ឋទូតខ្លួនប្រចាំកម្ពុជា បាន ធ្វើការប្តេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ លើវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ទាំងក្នុងក្របខណ្ឌទ្វេភាគី និងអាស៊ាន។

ការប្ដេជ្ញានេះ ធ្វើឡើងនៅក្នុងជំនួបរវាង លោក អុិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ​ និងលោកស្រី ម៉ារៀ អាមេលីតា ស៊ី អាគីណូ (MARIA AMELITA C.AQUINO) ឯកអគ្គរដ្ឋទូត សាធារណរដ្ឋហ្វីលីពីន ប្រចាំព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១។

លោកស្រីអគ្គរដ្ឋទូត បានថ្លែងអំណរគុណចំពោះ រាជរដ្ឋាភិបាលកម្ពុជា ដែលផ្តល់ការការពារ និងគាំពារយ៉ាងល្អ ដល់ពលរដ្ឋហ្វីលីពីន ដែលកំពុងស្នាក់នៅ និងធ្វើការនៅកម្ពុជាប្រមាណជិត ៥០០០នាក់ ដែលពួកគេទទួល បាននូវការការពារសិទ្ធិ និងអត្ថប្រយោជន៍ ដូចកម្មករនិយោជិតកម្ពុជាដែរ ជាពិសេសបានទទួលអត្ថប្រយោជន៍ ពីសមាជិកភាពរបស់ បេឡាជាតិសន្តិសុខសង្គម។

កន្លងទៅថ្មីៗនេះ ពលរដ្ឋហ្វីលីពីន ប្រមាណ៨០០នាក់ ក៏ទទួលបានការឧបត្ថម្ភគាំទ្រ ពីរាជរដ្ឋាភិបាលកម្ពុជា បានធ្វើមាតុភូមិនិវត្តន៍ ប្រកបដោយសុវត្ថិភាព ក្នុងស្ថានភាពនៃការរីករាតត្បាតនៃជំងឺកូវីដ ១៩៕

To Top