បច្ចេកវិទ្យា

ហានិភ័យ នៃការប្រើប្រាស់ កាមេរ៉ាសុវត្ថិភាព ដោយពុំបានផ្លាស់ប្តូរ លេខសម្ងាត់!

ភ្នំពេញ ៖ នាយកដ្ឋានព័ត៌មានវិទ្យា នៃក្រសួងមហាផ្ទៃ បានឲ្យដឹងថា បច្ចុប្បន្នការដំឡើងកាមេរ៉ាសុវត្ថិភាព (CCTV) កំពុងទទួលបានការពេញនិយម ពីសំណាក់ពលរដ្ឋកម្ពុជា និងម្ចាស់ទីតាំងអាជីវកម្មផ្សេងៗ ដើម្បីធ្វើការថតរូបភាព ឬវីដេអូ ក្នុងគោលបំណងបង្កើនសុវត្ថិភាព និងបង្ការទប់ស្កាត់បទល្មើសជាដើម ប៉ុន្តែការដំឡើងនេះ ក៏បានផ្តល់ហានិភ័យដែរ ប្រសិនម្ចាស់ពុំបានប្តូរលេខសម្ងាត់ ។

តាមរយៈបណ្ដាញទំនាក់ទំនង សង្គមហ្វេសប៊ុករបស់ នាយកដ្ឋាន ព័ត៌មានវិទ្យា នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១ បានបញ្ជាក់ថា ដើម្បីទទួលបានភាពងាយស្រួល ក្នុងការមើលរូបភាព វីដេអូ នៃកាមេរ៉ាសុវត្ថិភាព ពីចម្ងាយ ពួកគាត់បានធ្វើការតភ្ជាប់ ប្រព័ន្ធកាមេរ៉ាសុវត្ថិភាព ជាមួយបណ្តាញអ៊ីនធឺណិត ជាហេតុធ្វើឲ្យមានហានិភ័យមួយចំនួន អាចកើតមានប្រសិនការដំឡើងនោះ ពុំបានគោរពបទដ្ឋានសន្តិសុខ ប្រព័ន្ធឲ្យបានត្រឹមត្រូវ។

ប្រភពដដែល បន្ដថា តាមរយៈទិន្នន័យពីកម្មវិធីរុករក ឧបករណ៍បច្ចេកវិទ្យាលើអ៊ីនធឺណិត (IoT) បានបង្ហាញថា ប្រព័ន្ធកាមេរ៉ាសុវត្ថិភាព នៅកម្ពុជាមួយចំនួនធំ កំពុងប្រើប្រាស់គណនី និងលេខសម្ងាត់ ដែលពុំបានផ្លាស់ប្តូរបន្ទាប់ពីដំឡើងរួច (Defauលt Login – Username & Password) ដែលជាហេតុបង្ក ឲ្យមានហានិភ័យ ដូចខាងក្រោម៖

ទី១-ជនខិលខូចអាចធ្វើការ ចូលមើលរូបភាព ឬវីដេអូ ដោយគ្មានការអនុញ្ញាតិ និងបង្កផលប៉ះពាល់ដល់ឯកជនភាព ។

ផ្ទាំងពាណិជ្ជកម្ម

ទី២-ជនខិលខូចអាចធ្វើការថតរូបភាព ឬវីដេអូ ប្រើប្រាស់ក្នុងគោលបំណងទុច្ចរិត (ថតរូបអាក្រាតគម្រាមទារប្រាក់ ពិនិត្យទីតាំងមុនប្រព្រឹត្តបទល្មើសលួច ជាដើម។

និងទី៣-ឧក្រិដ្ឋជនបច្ចេកវិទ្យា អាចធ្វើការប្រើប្រាស់កាមេរ៉ាសុវត្ថិភាពជនរងគ្រោះ ក្នុងប្រតិបត្តិការ វាយប្រហារ DDOS លើគោលដៅរងគ្រោះផ្សេងៗ។

ដើម្បីការពារហានិភ័យ ដូចបានរៀបរាប់ ជូនខាងលើ ប្រជាពលរដ្ឋដែលបានដំឡើងប្រព័ន្ធកាមេរ៉ាសុវត្ថិភាព មេត្តាធ្វើការផ្លាស់ប្តូរលេខសម្ងាត់ (Username & Password) ដែលពិបាកទាយ និងរក្សាវាឲ្យបានសម្ងាត់ តាមការចាំបាច់ ។ ក្នុងករណីដែល ប្រជាពលរដ្ឋពុំអាចធ្វើការផ្លាស់ប្តូរលេខសម្ងាត់ (Username & Password) ដោយខ្លួនឯងបាន ត្រូវទាក់ទងអ្នកបច្ចេកទេស ឬស្នើសុំជាងដំឡើង កាមេរ៉ាផ្លាស់ប្តូរ ជូនក្នុងអំឡុងពេលកំពុងដំឡើង៕

To Top