ព័ត៌មានជាតិ

មេទ័ពជើងទឹក ៖ ការបញ្ចប់វគ្គហ្វឹកហ្វឺន ជំនាញនាវិកភាព បង្ហាញឲ្យឃើញ ពីការឆ្ពោះទៅ ធានាបានប្រកប ដោយប្រសិទ្ធិភាព នូវកិច្ចការការពារជាតិ

ភ្នំពេញ ៖ លោកនាយឧត្តមនាវី ទៀ វិញ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងទឹក អគ្គលេខាធិការ នៃគណកម្មាធិការជាតិ សន្តិសុខលម្ហសមុទ្រ ក្នុងពិធីហ្វឹកហ្វឺន បណ្តុះបណ្តាល បញ្ជាការសេនាធិការថ្នាក់បឋម ជំនាន់ទី១១ និងវគ្គហ្វឹកហ្វឺន បណ្តុះបណ្តាល ជំនាញនាវិកភាព សម្រាប់ពលនាវិកថ្មី ឆ្នាំ២០២០ កាលពីពេលថ្មីៗនេះ បានលើកឡើងថា ការបញ្ចប់វគ្គហ្វឹកហ្វឺន បណ្តុះបណ្តាលជំនាញ នាវិកភាពពលនាវិកថ្មី បង្ហាញឲ្យឃើញ ពីការធ្វើដំណើរឆ្ពោះទៅកាន់ គោលដៅមួយ ធានាបានប្រកបដោយប្រសិទ្ធិភាព កិច្ចការការពារជាតិ អធិបតេយ្យភាព បូរណភាពទឹកដី ។

ថ្លែងក្នុងពិធីនោះ លោកនាយឧត្តមនាវី ទៀ វិញ បានឲ្យដឹងថា “ថ្ងៃនេះគឺជាថ្ងៃមួយ ដែលពោរពេញទៅដោយ ក្តីមោទកភាព និងប្រកបដោយកិត្តិយសក្រៃលែង សម្រាប់ កងទ័ពជើងទឹកទាំងមូល និយាយជារួម និយាយដោយឡែក គឺជាកិត្តិយសមួយ ដែលសាលាទ័ពជើងទឹក បានសម្រេចនូវជោគជ័យថ្មីមួយទៀត ដែលនោះគឺជាការបញ្ចប់ដោយជោគជ័យ និងប្រកបដោយប្រសិទ្ធិភាព នូវវគ្គហ្វឹកហ្វឺន បណ្តុះបណ្តាលជំនាញ នាវិកភាពសម្រាប់ពលនាវិកថ្មីឆ្នាំ២០២០ វគ្គហ្វឹកហ្វឺន បណ្តុះបណ្តាលជំនាញ យុទ្ធវិធីជើងទឹក ជំនាន់ទី២ វគ្គហ្វឹកហ្វឺនបណ្តុះបណ្តាល ជំនាញនាំផ្លូវ ជំនាន់ទី៤ និងវគ្គហ្វឹកហ្វឺនបណ្តុះបណ្តាល ជំនាញនាវិកភាពជំនាន់ទី៩ ដូចអ្វីដែលសាលាទ័ពជើងទឹក តែងតែបានអនុវត្តនៅរៀងរាល់ឆ្នាំ ដោយបាននាំមកនូវលទ្ធផលដ៏ធំធេង គួរជាទីមោទនៈ ដែលទាំងអស់នេះ សុទ្ធសឹងតែបានកើតឡើងដោយផ្តើមចេញ អំពីការយកចិត្តទុកដាក់ រួមជាមួយនឹងកាខិតខំប្រឹងប្រែង ដោយពលឈរលើស្មារតីទទួលខុសត្រូវខ្ពស់ មានកិច្ចសហប្រតិបត្តិការល្អ និងសាមគ្គី ស្អិតរមួតរបស់គ្រប់ជំនាញពាក់ព័ន្ធទាំងអស់ ចាប់តាំងពីថ្នាក់លើ រហូតដល់ថ្នាក់ក្រោម ព្រមជាមួយនោះក៏ផ្តើមចេញ អំពីការព្យាយាម ពុះពារបង្ហាត់បង្រៀនពីសំណាក់យោធាចារ្យ និងជាពិសេស គឺបានផ្តើមចេញអំពី ការខិតខំប្រឹងប្រែង ព្យាយាម និយយកចិត្តទុកដាក់ រៀនសូត្រក្រេបជញ្ជក់ នូវរាល់ចំណេះវិជ្ជា ទាំងឡាយដោយឈរលើ ស្មារតីទទួលខុសត្រូវខ្ពស់ពីសំណាក់ក្មួយៗ ជាកម្មសិក្សាការីទាំងអស់នៅក្នុងអំឡុងពេលធ្វើការហ្វឹកហាត់ផងដែរ ដែលកត្តាទាំងអស់នេះ វាបានបញ្ជាក់យ៉ាងច្បាស់ថា អ្នកទាំអស់គ្នាគឺពិតជាបានយល់ច្បាស់ ឥតស្រពិចស្រពិល នូវអ្វីដែលជាគោលបំណង ដ៏ទទូចនិងចាំបាច់បំផុតដែលថ្នាក់លើចង់បាន ហើយនេះជាសកម្មភាពមួយដែលបានឆ្លើយតប យ៉ាងទាន់ពេលវេលានិងប្រកបដោយប្រសិទ្ធភាព” ។

លោកនាយឧត្តមនាវី ទៀ វិញ មានប្រសាសន៍ថា “ការបញ្ចប់វគ្គហ្វឹកហ្វឺននេះ បង្ហាញអោយយើងទាំងអស់គ្នាឃើញថា កងទ័ពជើងទឹក កំពុងតែធ្វើដំណើរឆ្ពោះទៅកាន់ គោលដៅមួយ គឺការធានាបាន ប្រកបដោយប្រសិទ្ធិភាព នូវកិច្ចការពង្រឹងប្រៀបការពារជាតិ កិច្ចការពារអធិបតេយ្យភាព បូរណភាពទឹកដី នៃព្រះរាជាណាចក្រកម្ពុជា” ។

ឆ្លៀតក្នុងពេលនេះ លោកក៏បានសម្តែងនូវការអរគុណ និងកោតសរសើរដោយស្ម័គ្រស្មោះ ចំពោះថ្នាកដឹកនាំក្នុងគ្រប់ស្ថាប័ន នៃកងទ័ពជើងទឹក ក៏ដូចជាថ្នាក់ដឹកនាំ យោធាចារ្យបុគ្គលិកទាំងអស់ របស់សាលាទ័ពជើងទឹក ដែលនៅក្នុងរយៈកាលកន្លងមក បានសហការល្អនិងស្អិតរមួត ដែលបានធ្វើឲ្យគ្រប់វគ្គ គ្រប់ជំនាញទាំងអស់ដំណើរការទៅ បានដោយរលូនប្រកបដោយ ប្រសិទ្ធិភាពនិងជោគជ័យ ព្រមទាំងទទួលបាន នូវលទ្ធផលដ៏ត្រចះត្រចង់គួរជាទីមោទនៈ ជាពិសេសសូមអរគុណ និងកោតសរសើរចំពោះ កម្មសិក្សាការីទាំងអស់ ដែលបានខិតខំព្យាយាម ធ្វើការហ្វឹកហ្វឺនក្រេបជញ្ជក់ នូវរាល់មុខវិជ្ជាទាំងឡាយ ដែលគ្រូបបង្រៀនបង្ហាត់បង្ហាញ នៅក្នុងអំឡុងពេលនៃការហ្វឹកហាត់៕

To Top